​ពលកម្មកុមារនៅតែជា​​ឧបសគ្គសម្រាប់ការ​​​អភិវឌ្ឍធនធានមនុស្ស

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ ពលកម្មរបស់កុមារនៅតែជាឧបសគ្គដ៏ធំមួយចំពោះការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយសារតែពួកគេមិនបានចូលសាលារៀន ហើយគ្មានឱកាសធ្វើការងារសមរម្យ និងជំនាញអ្វីមួយ ។ នេះបើតាមការឲ្យដឹងពីអង្គការពលកម្មអន្តរជាតិ ហៅកាត់ថា អាយឡូ (ILO)។

កុមារដែលធ្វើការជាទម្រង់ពលកម្មធ្តន់ធ្ងរ
នៅកន្លែងផលិតឥដ្ឋ

តាមរបាយការណ៍របស់អង្គការអាយឡូ (ILO) បានបញ្ជាក់ថា ចាប់តាំងពីកំឡុងឆ្នាំ២០០៩មកមាន កុមារចាប់ពីអាយុ៥ឆ្នាំ រហូតដល់ ១៧ឆ្នាំ ស្ថិតនៅក្នុងពលកម្មជាច្រើន ដែលពលកម្មទាំងនោះ ស្ទើរតែ គ្មានឱកាសសម្រាប់ឲ្យពួកគេសិក្សាអស់មួយជីវិត ហើយចំនួន ១៨,៣ភាគរយ កំពុងបំពេញការងារ ទម្រង់ធ្ងន់ធ្ងរបំផុតដូចជា ធ្វើនៅតាមស្រែអំបិល កន្លែងផលិតឥដ្ឋ ចុះនេសាទទូក និងការងារជាច្រើន ទៀត ដែលប្រកបដោយគ្រោះថ្នាក់ធំបំផុត។

របាយការណ៍របស់អង្គការមួយនេះបានឲ្យដឹងទៀតថា កាលពីពេលកន្លងទៅនេះអត្រាពលកម្មរបស់ កុមារមានរហូត ដល់ ២៥០.០០០នាក់ ចំពោះការងារបែបធ្ងន់ធ្ងរ ហើយមូលហេតុបណ្ដាលឱ្យពួកគេ ប្រឈមយ៉ាងខ្លាំង ចំពោះការងារដ៏ធ្ងន់ធ្ងរនេះគឺដោយសារតែភាពក្រីក្រនៅតាមជនបទឆ្ងាយៗ និង ការគំរាមកំហែងនៃភាពក្រីក្រ។

រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងប្រធានគណៈកម្មការប្រឆាំងពលកម្ម កុមារ អ្នកស្រី ប្រាក់ ចន្ថា បានឲ្យដឹងកាលពីកន្លងទៅថា រដ្ឋាភិបាលប្រទេសកម្ពុជាកំពុងតែយកចិត្ដ ទុកដាក់យ៉ាង សកម្ម ដើម្បីលុបបំបាត់នូវពលកម្មកុមារនេះ។

លោក Jiyuan Wang នាយកអង្គការILO ប្រចាំប្រទេសកម្ពុជា ថៃ និងឡាវ បានអំពាវនាវដល់រដ្ឋាភិ បាលគួរតែធានាឬធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់ខ្លួនអាចមានលទ្ធភាពទទូលបានការងារធ្វើ ប្រកបដោយផលិតភាពដោយមានចំណូលស្មើភាពគ្នាមានការងារធ្វើជាប់លាប់ ដែលផ្តល់ឲ្យពួកគេ នូវសេរីភាពក្នុងការចូលរួមនៅក្នុងសេចក្តីសម្រេចចិត្តនានា។

ទោះបីយ៉ាងណាក៏ដោយ ILO ក៏បានលើកផងដែរចំពោះការរីកចម្រើនរបស់កម្ពុជាទាំងកំណែទម្រង់ សេដ្ឋកិច្ច និងស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស លើកកម្ពស់ការ  អភិវឌ្ឍ ធនធានមនុស្សបានយ៉ាងប្រសើរ និងពង្រឹងបរិបទសង្គមបានយ៉ាងល្អ៕

Related Articles

Back to top button
Close
Close