នគរបាល​​ចរាចរណ៍​​ប្រកាស​​បង្កើន​​ផាក​ពិន័យចំ​ពោះ​អ្នក​​​​មិន​ពាក់មួក​សុវត្ថិភាព​

សារព័ត៌មាន​យុវវ័យថ្មី​/

ភ្នំ​ពេញ (២៨ មិថុនា ២០១៦) ៖ នគរបាលជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បាន​បញ្ជា​ឲ្យ​ស្នង​ការ​នគរបាល​រាជ​ធានី​ខេត្ត​ទាំងអស់ ត្រូវពង្រឹងចាត់វិធានការឲ្យបានតឹងរ៉ឹងថែមទៀត ចំពោះអ្នកធ្វើដំណើរដោយម៉ូតូទាំងឡាយណា ដែល​មិនពា​ក់​មួក​សុវត្ថិភាព ពិសេសការពង្រឹងតាមរយៈផាកពិន័យ។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំ និងផែនការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោគ នៅ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​កាល​ពីថ្ងៃទី២៧ ខែ មិថុនា ឧត្តមសេនីយឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ថ្លែងថា ​នគរបាលចរាចរណ៍បាន​ប្រើប្រាស់ពេលវេលាជាច្រើនខែសម្រាប់អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍នៅតាមមូលដ្ឋានឲ្យប្រជាពលរដ្ឋបានយល់ជ្រាបផ្គួបផ្សំនឹងការមានវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ជាបន្តបន្ទាប់ ប៉ុន្តែ​មកដល់ពេលនេះ នៅ​តែ​មាន​ប្រជាពល​រដ្ឋ​ជា​ច្រើន​ពិសេស​នៅតា​ម​ខេត្តឆ្ងាយៗនៅមិនទាន់ភ្ញាក់រលឹកពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរដោយម៉ូតូ។

ឯកឧត្តមបន្តថា ក្នុង​សកម្មភាព​ចាត់​វិធាន​ការ​ចំពោះ​អ្នក​ធ្វើ​ដំណើរ​ជិះ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិ​ភាព​នោះ​គឺ​កង​កំលាំង​នគរបាល​ប្រ​ចាំ​ការ​នៅ​តាម​ដង​ផ្លូវ​ត្រូវ​ពង្រឹង​ចាប់​ផាក​ពិន័យ​ដោយ​មិន​លើក​លែង​គ្មាន​ការ​រើស​អើង​ឬ​ក្នុង​ករណី​មិន​ព្រម​ទទួល​វិក្កយ​បត្រ​បង់​ផាក​ពិន័យ​ត្រូវឲ្យគេទៅរកទិញមួកសុវត្ថិភាពមកពាក់បានមុននឹងឲ្យគេធ្វើដំណើរបន្ត និង​ត្រូវ​មាន​វិធាន​ការ​ផ្សេងៗ​ទៀត​ឲ្យ​បាន​សមស្របជៀសវាងការប្រឌិតកំហុសឲ្យទៅដល់អ្នកធ្វើដំណើរ៕

Capture2

 

 

Related Articles

Back to top button
Close
Close