អង្គការសង្គមស៊ីវិលស្នើឱ្យលោកហ៊ុន សែន ដោះលែងលោក ម៉ម សូណង់ដូ
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ កាលពីថ្ងៃទី៣០ កក្កដា ២០១២ អង្គការសង្គមស៊ីវិលធំៗ ចំនួន ៣ ដែលមាន ARTICLE 9, FORUM-ASIA និង SEAPA បានចាត់ទុកការឃុំខ្លួនលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ ជាការរំលោភទៅលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយបានដាក់លិខិតរួមគ្នាមួយជូនទៅ លោក ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង លោក អង្គ វងវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីស្នើឲ្យដោះលែងលោក ម៉ម សូណង់ដូ ឱ្យមានសេរីភាពឡើងវិញ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ កក្កដា ២០១២ លោក ម៉ម សូណង់ដូ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុង គេហដ្ឋានរបស់លោកដោយចោទប្រកាន់ថា លោកមានជាប់ពាក់ព័ន្ធនឹងការនាំប្រជាពលរដ្ឋបះបោរ ក្នុងជម្លោះដីធ្លីនៅខេត្ដក្រចេះ ហើយលោកប្រឈមនឹងការជាប់ពន្ធនាគារចាប់ពី ៣០ ឆ្នាំ ឡើងទៅ ប្រសិនបើតុលាការរកឃើញការពិត និងវិនិច្ឆ័យទោសកំហុស។
ចំពោះករណីនេះលោកដមេធាវីដែលជាអ្នកការពារក្ដីឱ្យ លោក ម៉ម សូណង់ដូ បានលើកឡើងថា លោក ម៉ម សូណង់ដូ មិនមានជាប់ពាក់ព័ន្ធនៅក្នុងចលនានៅខេត្ដក្រចេះឡើយ៕