ពលរដ្ឋកម្ពុជា នឹងអាចប្តូរ និងពន្យាប័ណ្ណបើកបរនៅផ្សារទំនើប អ៊ីអន ចាប់ពីថ្ងៃទី ១៥មិថុនា នេះតទៅ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ មិថុនា ២០១៦) ៖ សម្ដេចតេជោសែន បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចថា “ ក្រសួងទាំងអស់ត្រូវខិតខំឲ្យបានព្រមគ្នា ស្របទៅតាមគោលការណ៌រដ្ឋាភិបាលអេឡិកត្រូណិក (E-Government) ដែលជាសេចក្តីត្រូវការចាំបាច់បំផុតសម្រាប់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិទាំងមូល“ ។
ជាមួយគ្នា សម្ដេច ក៍បានអំពាវនាវផងដែរ ដល់ពលរដ្ឋទាំងអស់ដែលត្រូវការសេវាពន្យារ និងប្ដូរប័ណ្ណបើកបរ សូមទៅកាន់ការិយាល័យសម្របសម្រួលការងារ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានទីតាំងនៅផ្សារអ៊ីអន (AEON Mall) ដែលនឹងបើកដំណើរការនៅថ្ងៃទី១៥ ខែមិថុនា ២០១៦នេះ ។
សម្ដេច បានបន្ថែមថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តខិតខំដើម្បីប្រជាពលរដ្ឋទូទៅកាន់តែងាយស្រួល ទទួលបាននូវសេវាសាធារណៈទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។
គួរបញ្ជាក់ថា ជាផ្នែកផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងផែនការកំណែទម្រង់១០០ថ្ងៃ របស់ក្រសួងសាធារណការ កាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅ ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកឲ្យដំណើរការសាកល្បងការរៀបចំនីតិវិធីសម្រាប់ ប្រជាលពរដ្ឋ ក្នុងការប្ដូរ និងពន្យារពេលប័ណ្ណបើកបរ នៅផ្សារទំនើបអ៊ីអននៅជាន់ទី១៕