ក្រសួងការងារ ប្រកាសការកំណត់ការបង់ភាគទានសម្រាប់ថែទាំសុខភាព
សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ (១៥ មិថុនា ២០១៦) ៖ នៅដើមខែឧសភា កន្លងទៅនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសបន្ថែមទៀតអំពីការកំណត់អត្រាភាគទាន និងបែបបទនៃការបង់ភាគទានសម្រាប់ថែទាំសុខភាព សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោម បទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ។
យោងតាមប្រកាសស្ដីពីការកំណត់អត្រាភាគទាននិងបែបបទនៃការបង់ភាគទានសម្រាប់ថែទាំសុខភាព កាលពីថ្ងៃ១៣ មិថុនា ឆ្នាំ២០១៦ បានឲ្យដឹងថា ការបង់ភាគទាននោះរួមមាន ទី១សម្រាប់ តាវកាលិក ឬហៅថាសំណង សំដៅដល់ការផ្ដល់សេវាបង្ការសុខភាព សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃនៅពេលសម្រាកព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗក្រៅពីហានិភ័យការងារ និងមាតុភាព
ទី២សហព័ទ្ធ សំដៅដល់ប្រពន្ធ ឬប្តី ដែលនៅមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ទី៣គឺឧត្តរជីវី សំដៅដល់អ្នកនៅរស់មានជីវិតជាប្រពន្ធ ឬប្ដី និងកូននៅក្នុងបន្ទុកផ្ទាល់ នៃសាមីជនដែលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ បសស ក្រៅពីទទួលមរណៈភាពដោយហានិភ័យការងារ។ និង ទី៤គឺធនលាភ សំដៅដល់ប្រាក់ឧបត្ថម្ភដល់ជនបាត់បង់សមត្ថភាព ការងារអចិន្ត្រៃយ៍ ដោយសារហានិភ័យ ការងារចាប់ពី ២០% ឡើងទៅ។
សេចក្តីប្រកាសដដែលបន្តថា អត្រាភាគទានផ្នែកថែទាំសុខភាពជាបន្ទុករបស់និយោជក ឬ ម្ចាស់សហគ្រាស គ្រឹះស្ថានត្រូវកំណត់ស្មើនឹង ១,៣% នៃប្រាក់ឈ្នួលមធ្យមក្នុងលំដាប់ថ្នាក់នៃប្រាក់ឈ្នួល ប្រចាំខែរបស់កម្មករនិយោជិត។
ចំណែកអត្រាភាគទានផ្នែកថែទាំសុខភាព ជាបន្ទុករបស់កម្មករនិយោជិត ត្រូវកំណត់ស្មើនឹង១,៣% នៃប្រាក់ឈ្នួលមធ្យមក្នុងលំដាប់ថ្នាក់នៃប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិត អត្រាភាគទានដែលជាបន្ទុករបស់ឧត្តរជីវី ឬជនកំពុងទទួលបានប្រាក់ធនលាភត្រូវកំណត់ស្មើនឹង ១,៣% នៃតាវកាលិករបស់សាមីខ្លួន។
សេចក្តីប្រកាសអោយដឹងទៀតថា និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានត្រូវបង់ភាគទានផ្នែកថែទាំសុខភាពសម្រាប់ខែនីមួយៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥នៃខែបន្ទាប់ដោយ និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវមានកាតព្វកិច្ចប្រមូលភាគទានផ្នែកនេះពីកម្មករ និយោជិតដោយកាត់ប្រាក់ឈ្នួលតាមចំនួនភាគទានជាក់ស្តែងដែលសាមីជនម្នាក់ៗត្រូវបង់ ហើយបែបទនៃការបង់ភាគទានសម្រាប់ផ្នែកថែទាំសុខភាពត្រូវអនុវត្តតាមទម្រង់នៃការបង់ភាគទានដែលកំណត់ដោយបេឡាជាតិរបបសន្តិសុខសង្គម៕