ក្រសួងវប្បធម៌អំពាវនាវឲ្យពលរដ្ឋប្រកាន់យកឥរិយាបថថ្លៃថ្នូរពេលជជែករឿងល្ខោនខោល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១០ មិថុនា ២០១៦) ៖ មន្ត្រីក្រសួងវប្បធម៌ អំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកប្រើប្រាស់អ៊ីនធឺណិត (Internet) ប្រកាន់យកឥរិយាបថថ្លៃថ្នូរ និងពិចារណាឲ្យគ្រប់ជ្រុងជ្រោយ ពេលជជែកពិភាក្សាគ្នាពីគម្រោងដាក់ល្ខោនពាក់របាំងមុខថៃ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។
ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ការបង្ហោះឌឺដង និងបន្ទាបតម្លៃល្ខោន ខូន (Khon) របស់ប្រទេសថៃ ជាការនិយមរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) កម្ពុជា មួយចំនួន បន្ទាប់ពីក្រសួងវប្បធម៌នៃប្រទេសថៃ គ្រោងដាក់ល្ខោនខូន ដែលមានទម្រង់ស្រដៀងទៅនឹងល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។
លោក ថៃ នរៈសត្យា អ្នកនាំពាក្យនៃក្រសួងវប្បធម៌កម្ពុជា អំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា បង្ហាញភាពថ្លៃថ្នូរ តាមការប្រតិកម្មប្រកបដោយឥរិយាបថពិចារណាគ្រប់ជ្រុងជ្រោយ។ លោកបន្តថា ការប្រតិកម្មជ្រុលពេកលើសពីអ្វីដែលបានកើតឡើង នឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងល្អក់កករ។
លោកបានបន្ថែមថា ការដាក់បញ្ចូលល្ខោនខូន របស់ថៃ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នឹងមិនប៉ះពាល់ដល់កម្ពុជា នោះទេ ហើយ កម្ពុជា មិនដែលបណ្ដែតបណ្ដោយឲ្យបរទេសកេងចំណេញផលប្រយោជន៍ពីសម្បត្តិវប្បធម៌ កម្ពុជា នោះទេ ជាក់ស្ដែងដូចជាករណីប៉ុនប៉ងកសាងប្រាសាទអង្គរវត្តសិប្បនិមិត្តពី សំណាក់ឥណ្ឌា និងការព្យាយាមកសាងប្រាសាទព្រះវិហារ ពីថ្មស៊ីម៉ង់ ពីសំណាក់ថៃ៕