ទស្សនកិច្ច​​លោក​ប្រធានាធិបតី​​វៀ​តណាម ​​Truong ​Tan Sang ​​នៅ​រុស្ស៊ី​​

ក្នុងក្របខ័ណ្ឌទស្សនកិច្ចនេះ ដែលប្រព្រឹត្តទៅពីថ្ងៃទី២៦ដល់៣០កក្កដា លោកប្រមុខរដ្ឋវៀតណាមថ្ងៃនេះទទួលជួបចរចា ដោយសមភាគី រុស្ស៊ីលោកប្រធា នាធិបតីពូទីន នៅឯនិវេសនដ្ឋានគាត់ជាយក្រុង Sochi មាត់សមុទ្រខ្មៅ ចម្ងាយ១.៦៨០គ.ម. ខាងត្បូងពីម៉ូស្គូ។ ប៉ុន្តែតាំង ពីរសៀលថ្ងៃ២៦កក្កដាម្សិលមិញម៉្លេះ លោកTruong Tan Sang បានជួបប្រស្រ័យជាមួយលោកនាយករដ្ឋមន្ត្រីមេដវេដេវ ដែលឆ្នាំមុន ក្នុងឋានៈ ជាប្រមុខរដ្ឋរុស្ស៊ីពេលបំពេញទស្សនកិច្ចនៅក្រុង ហាណូយ រដ្ឋបុរសទាំងពីរធ្លាប់បានជួបពិភាក្សាគ្នា ទៅហើយ។

ថ្លែងទៅកាន់លោកប្រធានាធិបតីវៀតណាម Truong Tan Sang នាយករដ្ឋមន្ត្រីរុស្ស៊ី លោកមេដវេដេវ សង្កត់ធ្ងន់ថា រុស្ស៊ីនិងវៀតណាមជាមិត្តដ៏ជំនិតនឹង គ្នាណាស់ និងជាដៃគូយុទ្ធសាស្ត្រ ដែលប៉ុន្មានឆ្នាំចុងក្រោយ ចេះច្រានឲ្យបានឆ្ងាយទៅមុខ កិច្ចសហប្រតិបត្តិការខ្លួននៅតាមមុខព្រួញបែបយ៉ាង វិស័យ សេដ្ឋកិច្ច វិស័យមនុស្សធម៌ វិស័យអប់រំ។ ប្រទេសទាំងពីរតែងធ្វើសំវាទនឹងគ្នាជារឿយៗជុំវិញគ្រប់បញ្ហា ដែលកើតមាន។ ទំនាក់ទំនងរុស្ស៊ី-វៀតណាមឈរ លើគ្រឹះដ៏សែនរឹងមាំ។

លោកប្រមុខរដ្ឋវៀតណាម Truong Tan Sang ពីចំណែកខ្លួនវិញ សំដែងនូវជំនឿថា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីពូទីន, លោកនាយករដ្ឋ មន្ត្រីមេដវេដេវ និងបក្សកាន់អំណាច“ប្រទេសរុស្ស៊ីរួមធ្លុងមួយ” ប្រជាជនរុស្ស៊ី មុខជាសម្រេចបានយ៉ាងជោគជ័យនូវការធ្វើទំនើបកម្មប្រទេសជាតិឲ្យបាន គ្រប់ជ្រុងជ្រោយ។

លោកបានសំដែងអំណរគុណដល់ប្រទេសរុស្ស៊ីចំពោះការគាំទ្រវៀតណាមឲ្យការពារ បានជាប់ម៉ឺងឯករាជ្យជាតិនិងការបង្រួបបង្រួមទឹកដីវឿតណាមឲ្យចូល ជាសាច់មួយឡើងវិញ។ លោកបានសំដែងនូវក្តីសោមនស្សន៍ចំពោះការអភិវឌ្ឍន៍នៃភាពជាដៃគូ យុទ្ធសាស្ត្រ រវាងវៀតណាមនិងរុស្ស៊ី ដោយទំនាក់ទំនង វាងប្រទេសទាំងពីរតែងឈរលើការជឿទុកចិត្តគ្នាកម្រិតខ្ពស់។

រីឯនាកិច្ចចរចាកំពូល ថ្ងៃ២៧កក្កដានេះ តាមដែលវិមានក្រេមឡាំងប្រកាសឲ្យដឹងលោកប្រធានាធិបតីរុស្ស៊ីពូទីន ធ្វើការពិភាក្សា ជាមួយសមភាគីវៀតណាម លោកTruong Tan Sang គឺ បញ្ហាស៊ីជម្រៅសំវាទនយោបាយ ផ្ទៀងមើលគោលជំហរម្ខាងៗ ចំពោះស្ថានការណ៍អន្តរជាតិ បញ្ហាពង្រីកសហប្រតិបត្តិ ការសេដ្ឋកិច្ច ដែលនាំជាគុណប្រយោជន៍ទៅវិញទៅមក។

ទាក់ទងនឹងចំណុចចុងក្រោយ ភាគីរុស្ស៊ី បានលើកយកមកបង្ហាញ គឺតួលេខដែលថា ក្នុងឆ្នាំ ២០១១កន្លងទៅ ទំហំពាណិជ្ជកម្ម រវាងរុស្ស៊ីនិងវៀតណាម បានឡើងដល់ទឹកប្រាក់ ជាង ៣.០០០ លានដុល្លារអាមេរិក គឺកើនឡើង៥៥%បើប្រៀបទៅនឹងឆ្នាំមុន។

បច្ចុប្បន្ននៅវៀតណាមកំពុងសមិទ្ធិ គឺគម្រោងចំនួន ៧៨ ដែលមានវិនិយោគទុន ពីខាងរុស្ស៊ីក្នុងទឹកប្រាក់១.០០០លានដុល្លារ។ នៅរុស្ស៊ីវិញ កំពុងសមិទ្ធិ គឺគម្រោងចំនួន ១៤ ដែលមានទុនពីខាងវៀតណាម ទំហំ៧៨លានដុល្លារ។

មិនតែប៉ុណ្ណោះ នៅលើទីផ្សារវៀតណាមសព្វថ្ងៃ ដំណើរការយ៉ាងជោគជ័យ គឺក្រុមហ៊ុនឧស្ម័ន ក្រុមហ៊ុនប្រេងកាត ក្រុមហ៊ុនអគ្គិសនីនានារបស់រុស្ស៊ី។

ចាប់ពីថ្ងៃទី១មករាឆ្នាំ២០០៩មក វៀតណាមបានលុបទិដ្ឋាការជាឯកតោភាគីសម្រាប់ជាតិរុស្ស៊ីណាដែលធ្វើដំណើរចូលទឹកដីវៀតណាមសម្រាប់រយៈពេល ដល់១៥ថ្ងៃ ហេតុដែលបានជម្រុញឲ្យចំនួនទេសចររុស្ស៊ីដែលទៅទស្សនាវៀតណាមក្នុងឆ្នាំ២០១១កន្លងទៅឡើងដល់៧ម៉ឺន៨ពាន់នាក់ ហើយគ្រាន់តែក្នុង៥ខែ ដំបូងឆ្នាំ២០១២នេះ ឡើងដល់៨ម៉ឺន៧ពាន់នាក់ទៅហើយ៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close