បុរសម្នាក់ប៉ុនប៉ងរំលោភសេពសន្ថវៈ ក្មេងស្រីអាយុ១១ឆ្នាំក្នុងបន្ទប់ទឹកទូរទស្សន៍ស៊ីធីអិន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ មិថុនា ២០១៦) ៖ បុរសម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ចាប់ខ្លួនខណៈពេលដែលធ្វើសកម្មភាពចាប់អូសដៃក្មេងស្រីអាយុ១១ឆ្នាំចូលទៅក្នុងបន្ទប់ទឹក ក្នុងបរវេណស្ថានីយទូរទស្សន៍ស៊ីធីអិនប៉ុនប៉ងរំលោភសេពសន្ថវៈ ។
ហេតុការណ៍ប៉ុនប៉ងចាប់រំលោភនេះកើតឡើងកាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ក្នុងបរវេណស្ថានីយទូរទស្សន៍ស៊ីធីអិន ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
ជនល្មោភកាមនោះឈ្មោះ ជា ផាន់នី ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិព្រៃជ្រៅ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុក្មេងស្រីរូបនោះត្រូវបានម្តាយនាំទៅមើលកម្មវិធីមរតកសំនៀងនៅក្នុង ស្ថានីយទូរទស្សន៍ស៊ីធីអិន ចំណែកជនសង្ស័យក៏បានទៅមើលកម្មវិធីកម្សាន្តនោះដែរ ។
ខណៈជនសង្ស័យចូលបន្ទប់ទឹក បត់ជើងតូចរួចចេញមកវិញ ក៏បានឃើញក្មេងស្រីដើរនៅមុខបន្ទប់ទឹកជនសង្ស័យក៏បានលួងលោមរួច ចាប់អូសដៃចូលទៅក្នុងបន្ទប់ទឹកស្ទាបអង្អែលរាង្គកាយបម្រុងធ្វើសកម្មភាពរំលោភសេពសន្ថវៈ តែត្រូវក្មេងស្រីរងគ្រោះស្រែកផ្អើលគេផ្អើលឯង និងរត់ទៅប្រាប់ម្តាយ ហើយប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបានភ្លាមៗតែម្តង ៕