រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​បញ្ជា​ឲ្យ​ស្នង​ការ​ចាត់​វិធាន​ការ​ចំពោះ​ទារថ្លៃ​សេវា​ពន្លត់​អគ្គិភ័យ ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (២៧ ឧសភា ២០១៦) ៖ សម្តេច ​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​ស្នងការ​នគរបាល និង​អធិការនគរបាល ចាត់វិធានការ ករណី​នគរបាល​ពន្លត់​អគ្គិភ័យ ទាមទារ​ថ្លៃ​សេវា មុននឹង​ចុះ​ពន្លត់​អគ្គិភ័យ ឆេះ​លំនៅដ្ឋាន ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​នានា ទូទាំងប្រទេស​។​

​សម្តេច ​ក្រឡាហោម ស ខេង បាន​ថ្លែង​បែប​នេះ​ នៅក្នុង​ពិធី​ចែក​រថយន្ត​ ពន្លត់​អគ្គិភ័យ ចំនួន​១១៣​គ្រឿង ជូន​ទៅតាម​បណ្តា​ស្នងការ​នគរបាល ២៤​ខេត្ត កាល​ពី​​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅ​ទីស្តីការក្រសួង។

សម្តេច ​ក្រឡាហោម ស ខេង បាន​បន្ត​ថា ​មន្ត្រី​ពន្លត់​អគ្គិភ័យ និង​អ្នកពាក់ព័ន្ធ ត្រូវ​ប្រកាន់​ទិស​ស្លោ​កបួន​ចំណុច រួមមាន ៖ ១.​លឿន​ឆាប់រហ័ស​, ២.​ប្រសិទ្ធភាព​, ៣.​យុត្តិធម៌ ដោយ​មិន ប្រកាន់​ពណ៌​សម្បុរ និន្នាការ​បក្សនយោបាយ ឬ​តំបន់​នេះ ជិត​តំបន់​នោះ​ឆ្ងាយ និង​ទី​៤.​តម្លាភាព គឺ​ត្រូវ​ឈរលើ​ប្រយោជន៍ របស់​ប្រជាពលរដ្ឋ ដែលជា​អ្នករងគ្រោះ​ពិតប្រាកដ ពោល ជៀសវាង​មុន​ប្រតិបត្តិការ ត្រូវ​ទារលុយ​កាក់ ពី​ប្រជាពលរដ្ឋ​។​

​ ក្នុងឱកាសនោះ​ដែរ​​ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ស្នើ​ឲ្យ​មន្ត្រី ទទួលបន្ទុក ឬ​អ្នកពាក់ព័ន្ធ ត្រូវ​ហៅ​រថយន្ត​សង្គ្រោះ​របស់​ពេទ្យ ទៅជា​មួយ​ដែរ ដើម្បី​បង្កា ជួយ​ប្រជាពលរដ្ឋ មាន​គ្រោះថ្នាក់ និង​ត្រូវ​ថែរក្សា​យានយន្ត ពន្លត់​អគ្គិភ័យ ឲ្យ​បាន​ដិតដល់​បំផុត ជៀសវាង​ខូច នៅពេល​មាន​គ្រោះ​កើតឡើង​៕

1
3

Related Articles

Back to top button
Close
Close