ព្រះរាជពិធីច្រត់ព្រះនង្គ័ល នឹងប្រារព្ធធ្វើនៅលានជល់ដំរីក្រុងអង្គរធំ
សារពព័ត៌មាន Cambodia News/
ដោយ ៖ ហេង នាង/
សៀមរាប (១៨ ឧសភា ២០១៦) ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំងនៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿនក្រើនរំឭកដល់ប្រជាជនខ្មែរដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។
ដោយឡែកនៅឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ លានជល់ដំរី ក្រុងអង្គរធំ នឹងក្លាយជាទីតាំងប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាថ្មីម្តងទៀត ដែលនេះជាលើកទី២ហើយ (លើកទី១នៅឆ្នាំ២០១១) សម្រាប់ការប្រារព្ធព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំនេះនៅលើទឹកដីអង្គរ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕