សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូបានអញ្ជើញដល់ទីក្រុងមូស្គូហើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៧ ឧសភា ២០១៦) ៖សម្ដេចតេជោ ហ៊ុន សែន នៅម៉ោងប្រមាណ១២ និង០០នាទីព្រឹក (ម៉ោងនៅកម្ពុជា) ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅដល់អាកាសយានដ្ឋាន Vnukovo ដល់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ីដោយសុវត្ថិភាពហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប អាស៊ាន-រុស្ស៊ី រយៈពេល៤ថ្ងៃ។
នៅលើ Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថ្ងៃនេះនឹងមានកម្មវិធីពេញមួយថ្ងៃហើយ នឹងត្រូវជួបក្មួយៗនិស្សិតខ្មែរដែលកំពុងរៀននៅរុស្ស៊ី នៅព្រឹកស្អែកមុនពេលចេញទៅក្រុងស៊ុតឈី ដែលជាកន្លែងប្រជុំអាស៊ានរុស្ស៊ី»។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងពីថ្ងៃទី១៧-២១ ខែឧសភា ឆ្នាំ២០១៦។ អំឡុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន និងជួបចរចាទ្វេភាគីជាមួយ លោក Dmitry Medvedev នាយករដ្ឋមន្ត្រីរុស្ស៊ី ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕