ក្រសួងព័ត៌មានព្រមានចាត់វិធានការលើស្ថាប័នព័ត៌មានដែលមិនប្រើគោរមងារសម្ដេច
សារព័ត៌មាន Cambodia News/
ភ្នំ ពេញ (១៣ ឧសភា ២០១៦) ៖ ក្រសួងព័ត៌មាន កាលពីថ្ងៃទី១២ ខែឧសភា ព្រមានចាត់វិធានការលើស្ថាប័នសារព័ត៌មានទាំងឡាយណាដែលមិនប្រើ គោរមងារសម្ដេច នៅក្នុងអត្ថបទព័ត៌មានរបស់ខ្លួន។ ការព្រមាននេះ ធ្វើឡើងក្នុងពេលក្រសួងព័ត៌មាន កោះហៅតំណាងស្ថាប័នសារព័ត៌មានជាង ៣០ ទៅណែនាំពីការប្រើគោរមងារសម្ដេច នៅទីស្ដីការក្រសួងព័ត៌មាន។
ក្រសួង ព័ត៌មាន ទុកពេលឲ្យស្ថាប័នសារព័ត៌មានរហូតដល់ចុងខែមិថុនា ពិចារណាពីការប្រើ ឬមិនប្រើគោរមងារសម្ដេចសម្រាប់បុគ្គលទាំងឡាយណាដែលព្រះមហាក្សត្រ បានប្រទានគោរមងារជាសម្ដេច នៅក្នុងអត្ថបទព័ត៌មានរបស់ខ្លួន។
ការ ណែនាំជាថ្មីរបស់ក្រសួងព័ត៌មាន ដោយសាររហូតមកទល់ពេលនេះនៅមានស្ថាប័នសារព័ត៌មានមួយចំនួនមិនទាន់ ប្រើគោរមងារសម្ដេចនៅក្នុងអត្ថបទព័ត៌មានពួកគេនៅឡើយ ដោយគ្រាន់តែប្រើប្រាស់តួនាទីរបស់បុគ្គលដែលទទួលបានគោរមងារជា សម្ដេចទាំងអស់នោះប៉ុណ្ណោះ។
បច្ចុប្បន្ន បុគ្គល ឬអ្នកនយោបាយដែលមានគោរមងារសម្ដេច មានដូចជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានព្រឹទ្ធសភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្ដេចក្រឡាហោម ស ខេង៕