មនុស្សជាង ៦០នាក់រងរបួសក្នុងគ្រោះរញ្ជួយដីនៅតំបន់ទីបេប្រទេសចិន
សារព័ត៌មាន Cambodia News/
ចិន (១២ ឧសភា ២០១៦) ៖ ប្រតិបត្តិការណ៍ជួយសង្គ្រោះ និងស្វែងរកបានបន្តធ្វើនៅតំបន់រញ្ជួយដីកម្រិត 5.5 នៃរង្វាស់រ៉ិកទ័រ ដែលបានប៉ះទង្គិចលើស្រុកដឹងគីន ក្នុងទីក្រុងកាំបូ តំបន់ទីបេរបស់ប្រទេសចិននៅម៉ោង 09:15នាទីកាលពីថ្ងៃពុធម្សិលមិញ។
យោងតាមអាជ្ញាធរក្នុងតំបន់ឲ្យដឹងថា ការរញ្ជួយដែលប៉ះពាល់យ៉ាងខ្លាំងលើទីក្រុងមួយចំនួន បានបណ្ដាលឲ្យមនុស្សជាង ៦០នាក់រងរបួសក្នុងនោះមាន ៧នាក់របួសធ្ងន់ធ្ងរ។
ប្រភព ពីការិយាល័យសង្គ្រោះបន្ទាន់ របស់រដ្ឋាភិបាលប្រចាំតំបន់បញ្ជាក់ថា មនុស្សរងរបួសទាំងអស់នោះមកពីទីក្រុងកាតា ដែលជាចំនុចរងការរញ្ជួយ, បច្ចុប្បន្នត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រជាជន។ ផ្ទះមួយចំនួនបានដួលរលំ ស្ពាន និងផ្លូវថ្នល់ត្រូវបានរងការបំផ្លាញ អំឡុងរញ្ជួយដីនោះ។
អាជ្ញាធរនិយាយថា ក្រោយការរញ្ជួយដីជម្រកបណ្ដោះអាសន្នចំនួន ៥ ត្រូវបានសាងសង់ក្នុងស្រុកដឹងគីនសម្រាប់ជន រងគ្រោះ។ នៅម៉ោង 22:00 ទីក្រុងកាតាបានជួបការរញ្ជួយ ៣ដង។ ប្រជាពលរដ្ឋប្រហែល 4,041នាក់ ត្រូវបានជម្លៀសទៅកាន់ជម្រកបណ្ដោះអាសន្ន រីឯផ្ទះជាង ៥០ខ្នងត្រូវបានសាងសង់ឡើងវិញ ខណៈផ្លូវរងការខូចខាតទាំងស្រុង៕