បច្ចុប្បន្ន អត្រាមរណៈរបស់ទារកសម្រាលមិនគ្រប់ខែនៅតែខ្ពស់នៅឡើយ បើធៀបប្រទេសក្នុងតំបន់

​សារព័ត៌មាន​ Cambodia News/

លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា​ ចំនួន​ទារក​សម្រាល​មិន​គ្រប់​ខែ​មាន​ចំនួន​ច្រើន ហើយអត្រាមរណៈរបស់ទារកសម្រាលមិនគ្រប់ខែនៅតែខ្ពស់នៅឡើយ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ក្នុងតំបន់។

លោកសាស្ត្រាចារ្យ ធា គ្រុយ បាន​មាន​ប្រសាសន៍​បែប​នេះ​​​ក្នុង​សន្និសីទលើកទី១ ស្តី​ពី​បច្ចុប្បន្ន​ភាព​រោគ​កុមារ​វិទ្យា​នៅ​កម្ពុជា នាសណ្ឋាគារសូហ្វីតែល ​រៀបចំឡើង​ដោយ​សមាគមគ្រូពេទ្យកុមារកម្ពុជា ​ដែល​មានការចូលរួមពី​សមាជិក​សមាគម​គ្រូពេទ្យ​កុមារកម្ពុជា ចំនួនជាង៣០០នាក់។

លោកសាស្ត្រាចារ្យបានបន្តថា ជំងឺរាករបស់កុមារ​ នៅតែជាចំណុចចំបងនៃសុខភាពសាធារណៈ និង​ជាកត្តា​បណ្តាល​អោយ​មានការប៉ះពាល់ដល់ការលូតលាស់របស់កុមារ ជាពិសេសកង្វះអាហារូបត្ថម្ភ បើ​សិន​ជា​កុមារ​ទទួល​រង​នូវ​ជំងឺ​រាក​រុស​នេះ​ញឹក​ញាប់ ឬរ៉ាំរ៉ៃ។

លោកបានសង្កត់ធ្ងន់ថា ការគ្រប់គ្រង ព្យាបាល ថែទាំទារកមិនគ្រប់ខែ ជំងឺរាក និងជំងឺអាឡែកហ្ស៊ី សុទ្ធតែជាអាទិភាព ដែល​ត្រូវយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល ក៏​ដូច​ជា​ឆ្លើយ​តប​នឹង​នយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​កាត់​បន្ថយ​ នូវ​អត្រាមរណៈរបស់កុមារ។

គោលបំណងរបស់សន្និសីទនេះ គឺដើម្បីផ្តល់នូវវេទិកាដល់អ្នកឯកទេសផ្នែករោគកុមារទាំងក្នុងប្រទេស និង​ក្នុង​តំបន់​បាន​ចែក​រំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍អំពីបច្ចុប្បន្នភាពរោគកុមារវិទ្យា ដែលទាក់ទងនឹងការអនុវត្តន៍ការថែទាំ, ព្យាបាល​ទារក​ទើប​​​នឹង​កើត, ជំងឺអាឡែកហ្ស៊ី និងជំងឺនៃប្រដាប់រំលាយអាហារ៕

4

 

Related Articles

Back to top button
Close
Close