ការហាមពុំឲ្យនាំទំនិញចូលសហរដ្ឋអាមេរិកនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចភូមា
បំរ៉ាមហាមពុំឲ្យនាំផលិតផលភូមាចូលសហរដ្ឋអាមេរិកគឺពិតជាកត្តាធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចភូមា ជាពិសេសក្នុងវិស័យឧស្សាហកម្ម វាយនភ័ណ្ឌ ដែលជាវិស័យបង្កើតការងារដ៏ច្រើនជូនប្រជាជន។ បំរ៉ាមអាមេរិកាំងនេះនឹងពុំធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នក ជំនិតនៃអតីតមេដឹកនាំផ្តាច់ការភូមាឡើយ។ នេះជាការបរិហារនៅថ្ងៃសុក្រនេះដោយក្រុមវិភាគពិចារណាវិបត្តិ អន្តរជាតិ International Crises Group។
នៅដើមខែកក្កដាឆ្នាំ២០១២នេះ ទីក្រុងវ៉ាស៊ីនតោនបានអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកាំងទៅបោះទុនធ្វើវិនិយោគនៅក្នុងប្រទេសភូមាទាំង នៅ ក្នុង វិស័យដ៏ចម្រូងចម្រាសដូចជា វិស័យឧស្ម័ននិងប្រេងកាតជាដើម។
ក៏ប៉ុន្តែទណ្ឌកម្មអាមេរិកាំងពាក់ព័ន្ធនឹងការហាមពុំឲ្យនាំទំនិញភូមា ចូលសហរដ្ឋអាមេរិកនៅតែរក្សាទុក។ គណៈកម្មការហិរញ្ញវត្ថុនៅ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតកាលពីសប្តាហ៍ មុន បន្តដាក់ទណ្ឌកម្ម ហាមពុំឲ្យនាំផលិតផលភូមាចូលសហរដ្ឋអាមេរិកបីឆ្នាំបន្តទៀត។
ប្រសិនបើសភាអ្នកតំណាងអាមេរិកសម្រេចបោះឆ្នោតដូចព្រឹទ្ធសភាមែន “នោះវាច្បាស់ជានឹងធ្វើឲ្យប៉ះបាល់ដល់សន្ទុះកំណើនសេដ្ឋកិច្ច ភូមា ជាពិសេសក្នុងវិស័យឧស្សាហកម្មវាយនភ័ណ្ឌ ដែលជាវិស័យបង្កើតការងារដ៏ច្រើនជូនប្រជាជន ហើយវាក៏ជាកត្តាជំរុញឲ្យសេដ្ឋកិច្ច ភូមាងាកទៅរកវិស័យរុករកវត្ថុធាតុរ៉ែ និងនាំចេញទៅលក់បរទេសនូវសម្បត្តិធម្មជាតិរបស់ខ្លួន”។ នេះជាការព្រមានរបស់ក្រុមវិភាគ ពិចារណាវិបត្តិអន្តរជាតិ International Crises Group នៅក្នុងរបាយការណ៍របស់ខ្លួននៅពេលថ្មីៗនេះ។
បើយោងតាមក្រុមវិភាគពិចារណាវិបត្តិអន្តរជាតិ International Crises Group មុនការដាក់ណ្ឌកម្មរបស់ស.រ.អា. ហាមពុំឲ្យនាំផលិត ផលភូមាចូលការនាំផលិតផលភូមាចូលសហរដ្ឋអាមេរិកភាគច្រើនចេញពីវិស័យឧស្សាហកម្ម វាយនភ័ណ្ឌ ដែលជាវិស័យបង្កើតបាន ការងារដ៏ច្រើន មហិមាជូនប្រជាជនភូមា។
ចំណែកឯឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសភូមា លោក Derek Mitchell បានថ្លែងកាលពីសប្តាហ៍មុនឲ្យដឹងថា “រក្សាទណ្ឌកម្មខ្លះទុកដាក់ ទៅលើប្រទេសភូមាគឺជាការធានាសម្រាប់ពេល អនាគត នៅខណៈណាដែលភូមាចង់ងាកចេញពីកិច្ចសន្យាធ្វើកំណែទម្រង់របស់ ខ្លួន”។
គួរកត់សម្គាល់ថា ចាប់តាំងពីរបបផ្តាច់ការយោធាភូមាបានត្រូវរំលាយនៅខែមីនាឆ្នាំ២០១១ មក រដ្ឋាភិបាល “ស៊ីវិល” ភូមាដែលដឹកនាំដោយ ក្រុមអតីតឧត្តមសេនីយ៍បានធ្វើកំណែទម្រង់ជាច្រើន មានដូចជា ការដោះលែងអ្នកទោសនយោបាយរាប់រយនាក់ និងការអនុញ្ញាតឲ្យ លោកស្រី អ៊ុងសានស៊ូជី ជ័យលាភីរង្វាន់ណូបែលសន្តិភាពក្លាយទៅជាអ្នកតំណាងរាស្ត្រជាដើម។
រីឯលោកប្រធានាធិបតីភូមា ថេន សេន បានធ្វើការធានាអះអាងឲ្យមានកំណែទម្រង់វគ្គទីពីរដែលសង្កត់ទៅលើ វិស័យសេដ្ឋកិច្ច។ វិស័យ សេដ្ឋកិច្ចដែលបានទទួលរងគ្រោះដោយរបបផ្តាច់ការយោធាភូមាអស់ រយៈពេលជាច្រើនទសវត្សរ៍៕ដោយ សៀក សារិន (RFI)