សត្វស្វា ជាច្រើនក្បាល ងាប់ជាបន្ដបន្ទាប់ ដោយភាពរាំងស្ងួត និងភ្លើងឆេះព្រៃ
សារព័ត៌មាន Cambodia News/
បាត់ដំបង ៖ នៅក្នុងរយៈពេលពីរថ្ងៃ ដោយចាប់ពីថ្ងៃទី២៨ និងទី២៩ ខែមេសា ឆ្នាំ២០១៦ គឺនៅក្នុងតំបន់អតីតព្រៃលិចទឹកជាដែនជំរកត្រីពង និងជាជំរកសត្វគ្រប់ប្រភេទផង ដែល នៅពេលនេះ បានក្លាយទៅជាតំបន់មួយពោរពេញដោយភាពរាំងស្ងួត ដីបែកក្រហែង សូម្បីតែថ្លុក ត្រពាំង បឹងបួរតូចៗពីមុនធ្លាប់តែមានទឹកនោះ បានប្រែក្លាយទៅជាដីក្រៀមក្រហែងគ្មានសល់ឡើយ ។
សត្វ ស្វាខ្មៅប្រមាណជាង៣០ក្បាល ត្រូវបានប្រជាពលរដ្ឋនៅក្នុងសហគមន៍ ប្រទះឃើញដេកងាប់ជាហូរហែ ទាំងនៅលើដីបែកក្រហែង ក៏ដូចជានៅតាមមែក ឈើ ផងដែរ។
សត្វ ស្វាទាំងនេះ បាននាំគ្នារត់គេចពីតំបន់ភ្លើងឆេះព្រៃហើយ មករស់នៅកន្លែងដែលគ្មានទឹកមួយតំណក់ថែមទៀត ទើបធ្វើអោយពួកវាដេកងាប់យ៉ាងវេទនា បើទោះបីជាខាងសហគមន៍បាននាំគ្នាជីកដីបង្កើតជាថ្លុក និងបឹងសិប្បនិម្មិតក៏ដោយ ។
យោងតាមប្រភពរបស់ប្រជាពលរដ្ឋដែល រស់នៅក្នុងសហគមន៍ស្តីក្រោម និង រហាលសួង បានបញ្ជាក់ថា មួយរយៈនេះនៅក្នុងតំបន់វាលដូនអំ ដែលជាដែនជំរកសត្វនានា គឺមាន ភ្លើងឆេះព្រៃជាញឹកញាប់ ដែលបញ្ហានេះគឺអាចបណ្តាលមកពីក្រុមដើររុករកឃ្មុំ ដែលពួកគេ តែងតែប្រើប្រាស់គប់ភ្លើង ម្យ៉ាងដោយសារតែរដូវនេះស្លឹកឈើក្រៀមស្ងួតផងទើបធ្វើអោយភ្លើងងាយ នឹងឆេះជាទីបំផុត៕