អំពើហិង្សាក្នុងគ្រួសារមានការថយចុះបន្ទាប់ពីស្ត្រីមានការយល់ដឹងពីច្បាប់បានច្រើន
ដោយ៖ ហេង នាង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ កក្កដា ២០១២ កិច្ចពិភាក្សាស្តីពីការលើកកម្ពស់សមភាពយេនឌ័រ និងផ្សព្វ ផ្សាយសាធារណៈ ដែលមានស្ត្រីជាចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ និងភូមិ ក្នុងខណ្ឌចំការមន បានធ្វើឡើងនា នៅសាលាខណ្ឌចំការមន រៀបចំដោយមន្ទីរកិច្ចការនារីរាជធានី ភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជាង១០០នាក់ ភាគច្រើនជាស្ត្រីថ្នាក់ដឹកនាំមូលដ្ឋាន។
លោកស្រី ទេស ច័ន្ទសារឿន ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញបានថ្លែងថា កិច្ចពិភាក្សាស្តីពីការ លើកកម្ពស់សមភាពយេនឌ័រ និងផ្សព្វផ្សាយសាធារណៈក្នុងគោលបំណងលើកកម្ពស់នូវការយល់ ដឹងអំពីយេនឌ័រ និងផលប៉ះពាល់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រនិងច្បាប់ពាក់ព័ន្ធនានាដល់ស្ត្រី ថ្នាក់ដឹកនាំមូលដ្ឋាន។
លោកស្រីបានបន្តថា បច្ចុប្បន្ននេះស្ត្រីមានតួនាទីច្រើនណាស់ ទាំងក្នុងការងារសង្គមសហគមន៍ និង គ្រួសាររួមទាំងតួនាទីនៅកន្លែងធ្វើការព្រោះស្ត្រីជាម្តាយផងជាភរិយាផង។
លោកស្រីបានបន្តទៀតថា បើមានអំពើហិង្សនៅក្នុងគ្រួសារគឺស្ត្រីត្រូវរ៉ាប់រងនិងទទួលនូវផលប៉ះបាល ច្រើនណាស់ មិនត្រឹមតែផលប៉ះពាលខ្លួនឯងផ្ទាល់ថែមទាំងជះឥទ្ធិពលទៅដល់កូនៗរៀនសូត្រមិន បានពេញលេញ ប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារខាតបង់ថវិកាព្យាបាលរបួស គ្មានសុភមង្គល និងជួបវិបត្តិផ្លូវចិត្តជាដើម។
លោកស្ត្រីបានបញ្ជាក់ថា អំពើហិង្សាក្នុងគ្រួសារនៅរាជធានីភ្នំពេញបច្ចុប្បន្នមានការថយចុះដោយ សារស្ត្រីមានការយល់ដឹងអំពី ច្បាប់ និងកិច្ចការពារជនរងគ្រោះបានច្រើននៅពេលមានអំពើហិង្សា ស្ត្រីស្វែងរកអន្តរាគមន៍ពីប៉ូលិស និងជនបង្គោលឬអង្គការដែលធ្វើកិច្ចការខាងស្ត្រីនៅតាមសហគមន៍ ឲ្យជួយដើម្បីចៀសផុតអំពើហិង្សា៕