សេចក្ដីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានបានពិភាក្សារួចរាល់ហើយ នៅសល់តែជំពូកដែលចែងអំពីបទបញ្ញតិ្ដប៉ុណ្ណោះ
សារព័ត៌មាន Cambodia News/
ដោយ ៖ រតនៈ/
ភ្នំពេញ (២៦ កុម្ភៈ ២០១៦) ៖ ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ត្រូវបានបញ្ចប់ការជជែកពិភាក្សាគ្នារួចរាល់ហើយ ក្នុងក្របខ័ណ្ឌ ក្រសួងព័ត៌មានទាំងមូល ប៉ុន្ដែនៅមានសេសសស់ជំពូក មួយទៀតដែល ទាមទារការ ចូលរួម ពិភាក្សាជាមួយក្រសួងយុត្ដិធម៌ទាក់ទងនឹងទោសបញ្ញត្ដិ ដែលត្រូវការពេលវេលាក្នុងការពិនិត្យ ឱ្យបានលម្អិតបន្ថែមទៀត។
នេះ បើតាមការបានបញ្ជាក់របស់ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៅក្នុងកិច្ចប្រជុំពិភាក្សាបន្ដនីតិវិធីស្ដីពីសេចក្ដីព្រាងច្បាប់ ស្ដីពី សិទ្ធិទទួលព័ត៌មាន កាលពីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្រសួងព័ត៌មាន។
លោក មាស សុភ័ណ្ឌ បានបន្ថែមថា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន មានចំនួន ៩ជំពូក និង ៣៦មាត្រា ប៉ុន្ដែចំនួននេះ នៅមិនទាន់ជាក់លាក់នៅឡើយទេ អាចនឹងមានការប្រែប្រួលបន្ដទៀត ដោយសារក្រសួងព័ត៌មាន នៅបើកទូលាយ ក្នុងការ ពិភាក្សា និងការទទួលយកនូវមតិយោបល់ពីក្រសួង ស្ថាប័ន និងភាគី ពាក់ព័ន្ធផ្សេងៗទៀត។
ចំពោះការកំណត់ អំពីទោសទណ្ឌ ត្រូវបាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លើកឡើងថា ចំពោះមន្ដ្រីព័ត៌មាន នៅតាមក្រសួង ស្ថាប័នរបស់រដ្ឋ ដែលបដិសេធមិនព្រមផ្ដល់ព័ត៌មានតាមការកំណត់ពេលវេលា និងមិនបានបញ្ជាក់អំពីហេតុផលឱ្យច្បាស់លាស់ ទៅកាន់អ្នកស្នើសុំ ក្នុងករណីនេះអ្នកស្នើ សុំព័ត៌មាន អាចមានសិទ្ធិប្ដឹងទៅប្រធានស្ថាប័ន ឬប្ដឹងទៅសាលាដំបូងរាជធានី ខេត្ដ ទៅតាម នីតិវិធីច្បាប់៕