វិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះឈ្នះ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃស្អែកនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ កុម្ភៈ ២០១៦) ៖ យោងតាមការចុះផ្សាយ នៅលើទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា បានអោយដឹងថា វិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះឈ្នះ នឹងបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ ២០១៦ ស្អែកនេះហើយ។
តាម ការបញ្ជាក់ របស់ នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា វិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះឈ្នះ នឹងត្រូវបានសាងសង់ នៅតំបន់អភិវឌ្ឍន៍ ឧកញ៉ា លី យ៉ុងផាត់ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា គណៈកម្មការសិក្សា និងរៀបចំសាងសង់វិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះឈ្នះ និងការបញ្ចប់សង្គ្រាមស៊ីវីលនៅកម្ពុជា បានដំណើរការកិច្ចប្រជុំអន្តរក្រសួងមួយ នៅទីស្តីការក្រសួងការពារជាតិ នារសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនិយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ ផ្ទាល់តែម្តង៕