សម្ដេច ហ៊ុន សែន រំឭកខួប ៣៧ឆ្នាំ នៃការជួបជុំគ្នាឡើងវិញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ កុម្ភៈ ២០១៦) ៖ នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេច បានសរសេរថា “ថ្ងៃនេះជាខួប ៣៧ឆ្នាំ នៃការជួបជុំឡើងវិញ រវាងខ្ញុំ និង ភរិយាខ្ញុំ (២៤កុម្ភះ ១៩៧៩-២៤កុម្ភះ ២០១៦) តាំងពីថ្ងៃបែកគ្នា ប្រកបដោយការឈឺចាប់ ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់ ដើម្បីតស៊ូរំដោះជាតិចេញពី របបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។
ភរិយាខ្ញុំមានផ្ទៃពោះជាង ៥ខែ បន្ទាប់ពីកូនទីមួយ ស្លាប់យ៉ាងវេទនា នៅថ្ងៃទី១០ ខែវិច្ចការ ឆ្នាំ១៩៧៦ តាំងពីថ្ងៃបែកគ្នាមក ខ្ញុំមិនដែលទទួលព័ត៌មានថា ភរិយាខ្ញុំនៅរស់ទេ ហើយកាន់តែជឿថា ភរិយាខ្ញុំស្លាប់បាត់ទៅហើយ នោះគឺក្រោយរំដោះ ថ្ងៃ៧ មករា ១៩៧៩ រយៈពេលជាង ១ខែ ខ្ញុំមិនអាចស្វែងរកឃើញ ឬមានព័ត៌មានពីប្រពន្ធ ឬឳពុកមា្តយក្មេក បងថ្លៃ ប្អូនថ្លៃខ្ញុំឡើយ គឺបាត់ទាំងពូជតែម្តង”។
សម្ដេចបានបន្តថា “ការសប្បាយរីករាយ សំរាប់ការរំដោះ ប្រជាជនចេញពីរបប ប៉ុល ពត មិនទាន់បានបញ្ចប់ ទឹកភ្នែកខ្ញុំនៅឡើយ ប្រសិនប្រពន្ធខ្ញុំស្លាប់ តើគាត់ស្លាប់នៅទីណា? ហើយតើខ្ញុំត្រូវរៀបចំ អនាគតផ្ទាល់ខ្លួនទៅមុខ ទៀតរបៀបណា? នៅពេលខ្លួនជាពោះម៉ាយ ក្នុងវ័យ ២៧ឆ្នាំ”។
សម្ដេចក៏បានបន្ថែមទៀតថា “ល្ងាចថ្ងៃ ២៤ កុម្ភៈ ១៩៧៩ ខ្ញុំកំពុងធ្វើការនៅ ក្រសួងការបរទេស នៅមាត់ទន្លេ ស្រាប់តែរដ្ឋមន្ត្រី ក្រសួងសុខាភិបាល នូ បេង បានទៅប្រាប់ខ្ញុំថា ប្រពន្ធ និងកូនព្រមទាំងប្អូនស្រីខ្ញុំ មកដល់ផ្ទះហើយ ខ្ញុំមិនជឿទាល់តែសោះ ព្រោះករណីយបែបនេះមាន ២លើករួចមកហើយ លើកទី១ មានស្ត្រីអាយុប្រហែលម្តាយខ្ញុំ បានមកជួបខ្ញុំហើយប្រាប់ខ្ញុំថា គាត់ជាប្រពន្ទតា រដ្ឋមន្ត្រីការបរទេស គាត់ប្រើខ្ញុំឲ្យទៅហៅ ប្តីគាត់មកជួបគាត់ តាមពិតគាត់ច្រឡំ ព្រោះប្តីគាត់មាន ឈ្មោះដូចខ្ញុំដែរ លើកទី២ នៅក្រសួងការបរទេស ស្ត្រីម្នាក់ទៀតក៏ ទៅរកប្តីគាត់ ខ្ញុំមកជួបគាត់ហៅខ្ញុំថា ក្មួយហើយសុំចូលទៅ ជួបរដ្ឋមន្ត្រី ពេលខ្ញុំប្រាប់គាត់ថា ខ្ញុំហ្នឹងហើយជារដ្ឋមន្ត្រី គាត់ខឹងខ្ញុំយ៉ាងខ្លាំង ហើយស្រែកឡូឡា ទាល់តែខ្ញុំបើកឡានចេញ ពីក្រសួងមិនដឹងថា គាត់ទៅណាទៀតទេ ដោយសារមានរឿងមិនពិត រួមផ្សំថាមានទាំងកូន និងប្អូនទៀតខ្ញុំអត់ជឿតែម្តង តែយ៉ាងណាម៉ោងប្រមាណ ៥ល្ងាច ហើយខ្ញុំក៏មកផ្ទះ”។
សម្ដេចបានបញ្ជាក់ដែរថា “ជារឿងរំភើបណាស់ ចុះពីលើឡានភ្លាមខ្ញុំ ក្រឡេកឃើញរ៉ានី ប្រពន្ធខ្ញុំមុនគេ បន្ទាប់ទៅឃើញប្អូនស្រីខ្ញុំ និងក្មេងប្រុសម្នាក់ ប្រពន្ទខ្ញុំប្រាប់ខ្ញុំ ទាំងទឹកភ្នែកថា នេះហើយជាកូនប្រុសយើង ខ្ញុំខំទៅស្រវាពរកូន តែកូននេះបែជាគេចចេញ ទៅឱបម្តាយហើយស្រែកយំ តាមពិតភរិយាខ្ញុំ និងក្រុមគ្រួសារបានសម្ងំលាក់ខ្លួន មករើសគួរស្រូវ នៅស្រុកត្បូងឃ្មុំ ព្រោះសភាពការណ៍ពេលនោះ ច្របូកច្របល់ពេក មិនទាន់ហ៊ានចេញ មុខនៅឡើយ ម៉ាណែត កូនប្រុសខ្ញុំហៅ ខ្ញុំថាពូរយៈពេល២ខែ នៅពេល ម៉ាណែត ព្រមហៅខ្ញុំថា ពុកបានប៉ុន្មានថ្ងៃ ខ្ញុំនិងភរិយាមានរឿងអកុសល កើតឡើងម្តងទៀត គឺភរិយាខ្ញុំរលូតកូន នេះជាកំហុសរបស់ខ្ញុំ ដែលមិនបានរែកទឹកដាក់ពាង នៅភ្នំពេញពេលនោះ ពុំមានទឹកម៉ាស៊ីន ប្រើប្រាស់ទេ យើងត្រូវរកធុងទៅ អូសទឹកនៅទន្លេមេគង្គ ហើយយកមករក្សាទុក នៅពាងខាងក្រោមផ្ទះ និងត្រូវរកប៉ោតរែក ឬយួរមកចាក់ក្នុង ពាងនៅបន្ទប់ទឹក”។
សម្ដេចបានបន្តបញ្ជាក់ថា “ខ្ញុំតែងធ្វើកិច្ចការនេះជាប្រចាំ តែថ្ងៃមួយប្រញាប់ទៅ ធ្វើការមិនបាន ដងទឹកដាក់ពាង ប្រពន្ធខ្ញុំទៅខំយួរទឹកមក ចាក់បំពេញពាង ទើបធ្វើឲ្យកូនជិត ២ខែនេះរលូត សោកនាដកម្មគ្រួសារខ្ញុំ គ្រាន់តែជាផ្នែកតូចមួយ នៃទុក្ខសោករបស់ ប្រជាជនទូទាំងប្រទេស ដែលក្រុមគ្រួសារភាគច្រើន លំបាកវេទនានិនាសព្រាត់ប្រាស់ លើសគ្រួសារខ្ញុំច្រើន ដងទៅទៀត យើងរួមគ្នាការពារសន្តិភាព ទប់ស្កាត់នយោបាយបែបទម្រង់ ប៉ុល ពត ក្នុងសម័យថ្មីវិល មកវិញជាដាច់ខាត”៕