កម្ពុជាត្រៀមកំលាំងជាង១០០០នាក់ ដើម្បីការពារសុវត្ថិភាពថ្វាយម្ចាស់ក្សត្រីថៃ សិរិនថន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ កុម្ភៈ ២០១៦) ៖ តបតាមការយាងអញ្ជើញ របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃ មហាចក្រី សិរិនថន នឹងយាងមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ។
ដំណើរបំពេញទស្សនកិច្ចផ្លូវការ នេះ កម្ពុជាបានប្រើប្រាស់កងកំលាំងការពារ បីប្រភេទ ប្រមាណជាង ១០០០នាក់ ចូលរួមការពារព្រះរាជសុវត្ថិភាពថ្វាយ ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន ក្នុងអំឡុងពេលមកបំពេញទស្សនកិច្ចនៅដើមសប្តាហ៍ក្រោយនេះ។
តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា ព្រះរាជទស្សនកិច្ចរបស់ ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃ មហាចក្រី សិរិនថន នឹងយាងបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រីសិរិនថន នឹងយាងធ្វើ ជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីបញ្ចុះបឋមសីលាសាងសង់ «វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ» នៅក្នុងខេត្តកំពង់ស្ពឺ ជាមួយសម្ដេច ហ៊ុន សែន ផងដែរ៕