ឯឧត្តម ខៀវ កាញារីទ្ធ រំឭកអ្នកប្រើស្លាកលេខPressថា ប្រយ័ត្នជាប់គុក
សារព័ត៌មាន Cambodia News/
ដោយ៖ ហេង នាង/
ភ្នំពេញ (១៥ កុម្ភៈ ២០១៦) ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯឧត្តម ខៀវ កាញារីទ្ធ បានរំឭកពីការជាប់ពន្ធនាគារចំពោះអ្នកសារព័ត៌មាន ទាំងឡាយណាដែលនៅតែបន្តយកតួនាទីរបស់ខ្លួនទៅប្រើប្រាស់ជា មធ្យោបាយសម្រាប់បិទបាំងលើប័ណ្ណសម្គាល់យាន្តយន្ត រំលោភតួនាទីរាជការសាធរណៈ។
ឯឧត្តម ខៀវ កាញារីទ្ធ បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់របស់លោក កាលពីថ្ងៃទី១៣ ខែកុម្ភៈថា រំឮកអ្នកស្រឡាញ់ស្លាកលេខ Press បើនគរបាលចាប់មិនមែនពិន័យទេ តែគឺគុក។
ការរំឮករបស់ ឯឧត្តម ខៀវ កាញារីទ្ធនេះ ដោយកន្លងទៅគេប្រទះឃើញ អ្នកសារព័ត៌មានមួយចំនួនបានប្រើប្រាស់ស្លាកលេខPress ជាមធ្យោបាយ សម្គាល់យានយន្តរបស់ខ្លួន ធ្វើដំណើរតាមដងផ្លូវសាធារណៈនានា។ ករណីនេះធ្វើឲ្យសាធារណជនខ្លះយល់ច្រឡំថា ស្លាកលេខPress នេះ ជាស្លាកលេខស្របច្បាប់ ដែលចេញដោយក្រសួងព័ត៌មាន។
យោងតាមមាត្រា៧៩នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មីចែងថា ជនណាក្លែងប័ណ្ណបើកបរ បណ្ណសំគាស់យានយន្ត ស្លាកលេខសម្គាល់យានយន្ត ឬលិខិតអនុញ្ញាតផ្សេងៗ ដែលចេញដោយរាជការសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ទៅ១០ ឆ្នាំតាមបញ្ញត្តិមាត្រា៦២៩នៃក្រមព្រហ្មទណ្ឌ៕