ជប៉ុនប្រុងជើងការឆ្លើយតបនឹងការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង
សារព័ត៌មាន Cambodia News/
ជប៉ុន (២៩ មករា ២០១៦) ៖ ពិភពលោកភ្ញាក់ផ្អើលម្ដងរួចមកហើយថ្មីៗនេះ ក្រោយពេលកូរ៉េខាងជើងបានអះអាងថា បានធ្វើតេស្ដដោយជោគជ័យនូវគ្រាប់បែកអ៊ីដ្រូសែន ជាមួយនឹងការអះអាងនេះ ប្រទេសជប៉ុនបានដាក់ទ័ពប្រុងជើងការរួចជាស្រេច ដើម្បីឆ្លើយតបនឹងសកម្មភាពមិនគួរសមណាមួយរបស់កូរ៉េខាងជើង ក្រោយពេលកូរ៉េខាងជើងបញ្ជាក់ថានឹងរៀបចំដើម្បីធ្វើតេស្ដមីស៊ីល របស់គេម្ដងទៀត។
ការ ដែលកូរ៉េខាងជើងគ្រោងរៀបចំធ្វើតេស្ដមីស៊ីលជាថ្មីទៀត បានបង្កជាការព្រួយបារម្ភថា កូរ៉េខាងជើងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនៅលើមីស៊ីល ធ្វើឲ្យមីស៊ីលទាំងនោះអាចបាញ់ប្រឆាំងនឹងគូសត្រូវគឺកូរ៉េខាងត្បូង ជប៉ុន ហើយអាចបាញ់ដល់ឆ្នេរភាគខាងលិចរបស់អាមេរិកផង។ ហេតុនេះ ជប៉ុនត្រូវត្រៀមការពារខ្លួនទុកជាមុន។
រដ្ឋមន្ដ្រីក្រសួង ការពារជាតិជប៉ុន បានបញ្ជាឲ្យនាវាពិឃាតចុះប្រតិបត្ដិការក្នុងសមុទ្រជប៉ុន ទប់ស្កាត់គោលដៅណាមួយ ដែលកូរ៉េខាងជើងចង់សម្ដៅមករកជប៉ុន។ នាវាដែលបញ្ជាឲ្យធ្វើប្រតិបត្ដិការ អាចមានលទ្ធភាពខ្ពស់តាមដាននៅតាមគោលដៅនានា ហើយបំពាក់មីស៊ីលសម្រាប់កម្ទេចក្បាលគ្រាប់នុយក្លេអ៊ែរនៅលើអាកាស មុនពេលធ្លាក់ក្នុងទឹកដីជប៉ុន។ក្រៅពីនេះ ជប៉ុនបានប្រើប្រព័ន្ធមីស៊ីលPAC-3 ដាក់ជុំវិញទីក្រុងតូក្យូ និងនៅតាមបន្ទាត់ការពារក្បាលគ្រាប់នៅលើដីផងដែរ៕