គេហទំព័រសិទ្ធិទទួលព័ត៌មាន ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សារព័ត៌មាន Cambodia News/
ដោយ៖ ហេង នាង/
ភ្នំពេញ (២៨ មករា ២០១៦) ៖ នៅថ្ងៃទី២៨ ខែមករានេះ ក្រសួងព័ត៌មានបានរៀបចំសន្និសីទកាសែត ប្រកាសដាក់ឱ្យប្រើប្រកាសជាសាធារណៈ នូវគេហទំព័រសិទ្ធិទទួលព័ត៌មាន សម្រាប់សាធារណជន ចូលរួមបញ្ចេញមតិយោបល់ ដើម្បីឲ្យច្បាប់នេះស្របតាមស្តង់ដារអន្តរជាតិ។
ថ្លែងនៅ ក្នុងពិធីសន្និសីទកាសែត ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា នេះជាលើកទី១ហើយ ដែលក្រសួងព័ត៌មាន បានសហការជាមួយ អង្គការយូណេស្កូ (UNISCO) ប្រចាំកម្ពុជា បង្កើត គេហទំព័រ ដែលមានឈ្មោះ www.a2i.info.gov.kh នេះឡើង។
ឯក ឧត្តមបន្តថា គេហទំព័រនេះ បង្កើតឡើងក្នុងគោល បំណងឲ្យសាធារណជនទាំងក្នុង និងក្រៅប្រទេស អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ចូលរួមផ្ដល់មតិយោបល់ ដើម្បីប្រមូលបានជាធាតុចូល មួយសម្រាប់យកមកធ្វើការកែលំអនៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពី សិទ្ធិទទួលព័ត៌មាន ដើម្បីឲ្យបានច្បាប់នេះ ស្របតាមស្តង់ដារអន្តរជាតិ និងមានប្រសិទ្ធភាពខ្ពស់។
ការ ប្រកាលដាក់ឱ្យប្រើនូវគេហទំព័រសិទ្ធិទទួលព័ត៌មាននេះ ក្រសួងព័ត៌មាន និងអង្គការយូណេស្កូប្រចាំកម្ពុជា រំពឹងថា នឹងបានរួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម តម្លាភាព អភិបាលកិច្ចល្អ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ជាងនេះទៀត ឈានទៅសម្រេចសេចក្ដីព្រាងច្បាប់ស្ដីពី សិទ្ធិទទួលព័ត៌មាន ដែលមាន៩ជំពូក និង៣៧មាត្រា កាន់តែមានប្រសិទ្ធិ ភាព និងមានការអនុវត្តរឹងមាំក្រោយពីបានអនុម័ត៕