សម្តេច ហ៊ុន សែន ប្តេជ្ញាបញ្ឈប់ការជក់បារី ដើម្បីសុខភាពផ្ទាល់ខ្លួន ភរិយា និងកូនចៅ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ មករា ២០១៦) ៖ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ខ្ញុំមិនអាចណែនាំ ទៅកាន់ប្រជាពលរដ្ឋឱ្យឈប់ជក់បារីបានទេ ប្រសិនបើខ្ញុំនៅតែបន្តជក់។ ព្រោះថាបោសបើសំអាតផ្ទះខ្លួនឯងមិនស្អាតផង តើទៅបោសសំអាតផ្ទះគេយ៉ាងណា? សម្តេចហ៊ុន សែន បានបានក្លាយទៅជាអ្នកជក់បារី ក្រោយពីចូលកងទ័ព។ ដោយចាប់ផ្តើមពីការរៀនជក់ ដែលការជក់នៅពេលនោះ គឺដើម្បីកាត់បន្ថយភាពតានតឹងក្នុងការងារ កាត់បន្ថយមូស និងសត្វល្អិតខាំ។
សម្តេចបានសរសេរបន្តថា ដោយសារការទម្លាប់បែបនេះធ្វើឱ្យ ការជក់នេះ ក្លាយទៅជាឆ្ងាញ់ហើយញៀន និងបន្តមកទៀត សម្តេចហ៊ុន សែន បានជក់ដើម្បីការគិត។ យុទ្ឋជននៅអង្គភាពនៅសម័យនោះស្ទើរតែ១០០% ដែលចេះជក់បារី ។ ថ្វីបើស្ថិតក្នុងស្ថានភាពភាពលំបាកក្នុងការរកថ្នាំជក់ សម្តេចហ៊ុន សែន បានស្វែងរកស្លឹកល្ហុង និងស្លឹកឈើផ្សេងៗមកជក់ជំនួសបារី។
នៅពេលអាពាហ៌ពិពាហ៌កូនស្រីសម្តេច បាននិយាយទៅកាន់អ្នកចូលរួមក្នុងពិធីដែលមានទាំង ភ្ញៀវជាតិ និងអន្តរជាតិថា ប្រសិនបើខ្ញុំមានចៅ ខ្ញុំនឹងឈប់ជក់បារី ធ្វើអោយភ្ញៀវចូលរួមទះដៃអបអរសាទរយ៉ាងខ្លាំង។
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០០០ ចៅស្រីរបស់សម្តេចបានចាប់កំណើត ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រីនៅតែមិនអាចបផ្តាច់ការជក់បារីបាន។ រហូតមកដល់ខែមិនា ឆ្នាំ២០១៤ ទើបសម្តេច ប្តេជ្ញាបញ្ឈប់ការជក់បារី ដែលការប្តេជ្ញានេះសម្តេចយល់ថា មិនត្រឹមតែបំពេញនូវការសន្យាទេ ប៉ុន្តែគឺដើម្បីសុខភាពផ្ទាល់ខ្លួន សុខភាពភរិយា និងដើម្បីសុខភាពកូនចៅរបស់ខ្លួន៕