EU គាំទ្រដល់ការភ្ជាប់សេវាអ៊ីនធឺណិតសម្រាប់អ្នកសារព័ត៌មាននៅក្លិបអ្នកកាសែតកម្ពុជា
សារព័ត៌មាន Cambodia News/
ដោយ៖ ហេង នាង/
ភ្នំពេញ (27 មករា 2016) ៖នៅថ្ងៃនេះសហភាពអឺរ៉ុប(EU)និងក្លិបអ្នកកាសែតកម្ពុជា(CCJ)នៅ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ បានរៀបចំពិធីប្រកាសអំពីការបន្តកិច្ចគាំទ្ររបស់សហភាពអឺរ៉ុបដល់ ការភ្ជាប់សេវាអ៊ីនធឺណិតសម្រាប់ អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ការបន្តកិច្ចគាំទ្រចំពោះអ៊ីនធឺណិតកាហ្វេ EU-CCJ នេះ រួមមានការ ផ្តល់ជូននូវសម្ភារៈមួយចំនួន (ដូចជា ម៉ាស៊ីនកុំព្យុទ័រ ម៉ាស៊ីនបោះពុម្ភ) ព្រមទាំងការបង្កើនល្បឿននៃការ តភ្ជាប់បណ្តាញអ៊ីនធឺណិតផងដែរ។
លោក George EDGAR ឯកអគ្គរដ្ឋទូត EU ប្រចាំកម្ពុជា ថ្លែងបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្សព្វផ្សាយព័ត៌មាន ដល់ប្រជាជនកម្ពុជាទូទៅ និងជា ពិសេសចំពោះអ្នកតាក់តែងគោលនយោបាយ។ អ្នកសារព័ត៌មានចាំបាច់ត្រូវមានលទ្ធភាពខ្ពស់បំផុតក្នុងការ ទទួលបានព័ត៌មាន។ ការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងការគាំទ្រអ៊ីនធឺណិតកាហ្វេ EU-CCJ នេះ គឺជាការ ចូលរួមចំណែកមួយដែលឆ្លើយតបចំពោះតម្រូវការនេះ។
លោក George EDGAR បានសម្តែងនូវក្តីសោមនស្សរីករាយជាខ្លាំងដែលបានឃើញការចូលរួមចំណែកដ៏ ធំធេងនិងប្រកបដោយប្រសិទ្ធភាពជាវិជ្ជមានរបស់អ៊ីនធឺណិតកាហ្វេ EU-CCJ កន្លងមកនេះ ។ លោកសង្ឃឹមថាអ៊ីនធឺណិតកាហ្វេ EU-CCJ នឹងបន្តដើរតួនាទីយ៉ាងសំខាន់ ពោលគឺមិនត្រឹមតែជាវេទិកាដ៏មានសារប្រយោជន៍ដែលអ្នកសារព័ត៌មានកម្ពុ ជា អាចស្វែងរកព័ត៌មាន និងប្រាស្រ័យទាក់ទងជាមួយនិពន្ធនាយករបស់ខ្លួន និងអ្នកសារព័ត៌មានផ្សេងទៀត នៅក្នុងតំបន់ និងនៅក្នុងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាមជ្ឈមណ្ឌលបណ្តុះបណ្តាលកុំព្យូទ័រ និងអ៊ីនធឺណិតសម្រាប់អ្នកសារព័ត៌មានផងដែរ”។
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានមានប្រសាសន៍ថា “អ៊ីនធឺណិតកាហ្វេនៃក្លិបអ្នកកា សែតកម្ពុជាដែលគាំទ្រដោយសហភាពអឺរ៉ុបនេះ បានផ្តល់ដល់អ្នកសារព័ត៌មានកម្ពុជានូវសេវាអ៊ីនធឺណិត ដែល វាសំខាន់ណាស់សម្រាប់ការងារប្រចាំថ្ងៃរបស់ពួកគាត់ គឺពួកគាត់អាចស្វែងរកព័ត៌មាន អាចប្រាស្រ័យទាក់ទង ជាមួយមិត្តរួមអាជីព និងប្រភពព័ត៌មានផ្សេងៗ ព្រមទាំងជួយបង្កើនចំណេះដឹងរបស់គាត់ផងដែរ។ លោកក៏បង្ហាញនូវមោទនភាពយ៉ាងខ្លាំងផងដែរ ចំពោះកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុបនិងក្លិបអ្នកកាសែត កម្ពុជា កិច្ចសហប្រតិ បត្តិការនេះមានសារប្រយោជន៍យ៉ាងខ្លាំងចំពោះអ្នកសារព័ត៌មានកម្ពុជា” ។
សូមជម្រាបថា “អ៊ីនធឺណិតកាហ្វេ EU-CCJ” មានអាសយដ្ឋានស្ថិតនៅក្នុងការិយាល័យ CCJ (អគារលេខ ១២០ ផ្លូវ ៤៧២ រាជធានីភ្នំពេញ – ប្រហែល ៦០០ម៉ែត្រ ខាងត្បូងផ្សារទួលទំពូង)។ ការប្រើប្រាស់កុំព្យូទ័រ និង អ៊ីនធឺណិត នៅអ៊ីនធឺណិតកាហ្វេ EU-CCJ គឺពុំគិតថ្លៃឡើយ ។ អ្នកសារព័ត៌មានអាជីព និង និស្សិតផ្នែកបណ្តាញ ផ្សព្វផ្សាយព័ត៌មានទាំងអស់អាចប្រើប្រាស់បានដោយសេរី។ អ៊ីនធឺណិតកាហ្វេ EU-CCJ បើកចាប់ពីថ្ងៃ ចន្ទ ដល់ ថ្ងៃសុក្រ (លើកលែងថ្ងៃបុណ្យ) ចាប់ពីម៉ោង ៨:០០-១២:០០ព្រឹក និង១៤:០០-១៧:៥០ ល្ងាច៕