រដ្ឋាភិបាលជិតអស់អំណាចភូមាដោះលែងអ្នកទោសនយោបាយជាង១០០នាក់
សារព័ត៌មាន Cambodia News/
ភូមា (២២ មករា ២០១៦) ៖ តាមមន្ត្រីជាន់ខ្ពស់ក្រសួងមហារផ្ទៃ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានអង់គ្លេសReutersថា អ្នកទោសនយោបាយជាង១០០នាក់នឹងត្រូវដោះលែងពីមជ្ឈមណ្ឌលឃុំឃាំងទូទាំងប្រទេស នៅពេលឆាប់ៗខាងមុខ។
នៅក្នុងនោះក៏មានអ្នកទោសនយោបាយស្ថិតក្នុងពន្ធនាគារInseinចំនួន១៨នាក់ផងដែរ។ សូមបញ្ជាក់ថា Insein ជាពន្ធនាគារមួយធំជាងគេនៅក្នុងប្រទេសភូមា និងជាពន្ធនាគារកខ្វក់ ហើយមានកេរ្តិ៍ឈ្មោះមិនល្អខាងធ្វើទារុណកម្មអ្នកទោស ទាំងផ្នែកផ្លូវចិត្តនិងរាងកាយ។ ពន្ធនាគារនេះ ត្រូវបានប្រើប្រាស់សម្រាប់ដាក់អ្នកទោសនយោបាយ។
ព្រឹត្តិការណ៍ថ្មីៗ នៅក្នុងប្រទេសភូមា បានកើតឡើងបន្ទាប់ពីឧបការរីរដ្ឋលេខាធិការអាមេរិកលោកAntony Blinkenកាលពីថ្ងៃច័ន្ទ បានអំពាវនាវឲ្យភូមា ដោះលែងអ្នកទោសនយោបាយទាំងអស់ឲ្យមានសេរីភាព។
ដោយឡែកមន្ត្រីជាន់ខ្ពស់នៅការិយាល័យ ប្រធានាធិបតីបញ្ជាក់ថា ការដោះលែងអ្នកទោសនយោបាយ ធ្វើឡើងដើម្បីចូលរួមពិធីរំលឹកខួបនៃសន្និសីទសន្តិភាពព្រះពុទ្ធសាសនាពិភព លោកនៅថ្ងៃសុក្រនេះ៕