សម្តេច ហ៊ុន សែន វិលត្រឡប់មកដល់កម្ពុជាវិញហើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ មករា ២០១៦) ៖ បន្ទាប់ពីធ្វើដំណើរទៅកាន់ប្រទេសសឹង្ហបូរី ដើម្បីធ្វើការត្រូវពិនិត្យសុខភាពប៉ុន្មានថ្ងៃនេះមក សម្តេចបានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ខ្ញុំបានវិលត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបានពិនិត្យសុខភាពនៅប្រទេសសឹង្ហបូរី។ ជាមួយនិងភាពរឹងមាំនៃសុខភាព។ ឯកសារច្រើនណាស់ដែលកំពុងរង់ចាំខ្ញុំពិនិត្យសំរេច និងចុះហត្ថលេខា ព្រោះនេះជាបំណុលដែលខ្ញុំត្រូវសងបន្ទាប់ពីអវត្តមានប៉ុន្មានថ្ងៃ។
ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមកង្វល់ចំពោះសុខភាពខ្ញុំតាមរយះការជូនពរដោយចូលរួមមតិ ចែករំលែកឬចុច Like លើ Facebook ពេលខ្ញុំបង្ហោះចេញពីសាំងកាពួ។ សំរាប់អស់លោកមួយចំនួនតូចដែលចង់ឱ្យខ្ញុំស្លាប់តាមរយះការផ្សាយព័ត៌មានប្រឌិតរហូតបង្កើតរូបភាពបង្ហោះតាមប្រព័ន្ឋ Facebook សូមប្អូនៗ ឬក្មួយៗមេត្តាកែរប្រែអត្តចរិតពាលនេះចេញទៅ ព្រោះវាគ្មានផលប្រយោជន៍សំរាប់អស់លោកនោះឡើយ។
តាមការស្រាវជ្រាវអស់លោក គឺជាសកម្មជននៃបក្សនយោបាយដែលមេដឹកនាំរបស់អស់លោកមួយចំនួនជាជនពាល និងជាជនបោកប្រាស់អាជីព។ ពួកគេបានហ្វឹកហ្វឺនតាមរបៀបក្មេងពាលដែលសង្គមស្អប់ខ្ពើម។ ពេលមានបញ្ហាគេតែងតែរត់ចោលស្រុកនិងទុកឱ្យថ្នាក់ក្រោមជាប់គុកជំនួស។
ប្អូនៗ ក្មួយៗមិនមានខាតបង់អ្វីនោះទេដោយគ្រាន់តែមិនបានជេរប្រមាថ អ្នកដទៃនោះ។ ផ្ទុយទៅវិញអស់លោក និងទទួលបានផលចំណេញដោយមិនបានកសាងអំពើបាបនិងមិនបានជាប់គុកដោយសារតែមិនបានសាងអំពើរខុសច្បាប់៕”