ម្ចាស់យានយន្តដែលមិនទាន់មានឯកសារគ្រប់ សូមរួសរាន់បំពេញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ មករា ២០១៦) ៖ ១ខែទៀត នគរបាលចរាចរនឹងចាប់ផ្តើមបើកប្រតិបត្តិការត្រួតពិនិត្យឡើងវិញ រាល់ឯកសារដែលពាក់ព័ន្ធនឹងយានយន្តទាំងអស់ដែលមានចែងនៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។ បានន័យថា រាល់ឯកសារមួយចំនួនដែលពន្យាពេលផាកពិន័យនាពេលបច្ចុប្បន្ននេះ នគរបាលនឹងអនុវត្តឲ្យបានពេញលេញឡើងវិញទៅតាមច្បាប់ ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦តទៅ។
សម្តេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីជូនដំណឹង ដោយអំពាវនាវដល់ម្ចាស់យាយន្តទាំងឡាយប្រញាប់រួតរះទៅបំពេញបែបបទផ្សេងៗនៅមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី/ខេត្ត ឲ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា តាមលក្ខខណ្ឌដែលច្បាប់កំណត់។
ក្នុងនោះ សម្តេចស ខេង បានអំពាវនាវជាពិសេសដល់ម្ចាស់យានយន្តណាដែលមិនទាន់មានស្លាកលេខ មិនមានប័ណ្ណបើកបរ មិនទាន់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងយានយន្តដែលមិនទាន់ទៅធ្វើលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូន។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ប៉ូលីសចរាចរណ៍មិនទាន់មានសិទ្ធិផាកពិន័យរាល់យានយន្តណាដែលគ្មានឯកសារដូចជា ប័ណ្ណបើកបរ ប័ណ្ណសម្គាល់យានយន្តវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស លិខិតធ្វើអាជីវកម្មចំពោះរថយន្តដឹកជញ្ជូន និងការកាត់ឈ្មោះ ដែលការពន្យាពេលនេះ ដើម្បីទុកពេលវេលាឲ្យប្រជាពលរដ្ឋទៅបំពេញបែបបទឲ្យបានគ្រប់គ្រាន់។
ដោយឡែក ចំពោះប័ណ្ណបើកបរ កន្លងមកសម្តេចស ខេង បញ្ជាក់ថា អ្នកបើកបរយានយន្តអាចយកច្បាប់ថតចម្លងតាមខ្លួនបានតែត្រូវមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។ ហើយតម្លៃនៃការបញ្ជាក់ប័ណ្ណសម្គាល់យានយន្តនេះ គឺអស់ត្រឹម ១,០០០រៀលប៉ុណ្ណោះ៕