ប៊ុន ផៃលីន សង់បន្ទប់ជួលចំណាយទុនជាង ២០ម៉ឺនដុល្លារអាមេរិក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ មករា ២០១៦) ៖ បន្ទាប់ពីស្ងប់ស្ងាត់អាជីពសិល្បៈជាង១ឆ្នាំកន្លងមក តារាសម្តែងចូលចិត្តសម្ញែងដើមទ្រូងនាងប៊ុន ផៃលីន បង្កើតមុខរបរថ្មី នោះគឺការសង់បន្ទប់ជួលកម្ពស់ប្រមាណ៤ជាន់ ស្ថិតនៅម្តុំវត្តជម្ពូវ័ន ដោយចំណាយប្រាក់ជាង២០ម៉ឺនដុល្លារ។ គម្រោងសាងសង់បន្ទប់ជួលរបស់ប៊ុន ផៃលីន នឹងសម្រេចរាល់ប្រមាណជាង២សប្តាហ៍ទៀត ខណៈពេលមានការជួល និងកក់ទុកជាមុនអស់ចំនួន៣ជាន់ហើយ ។
បើតាមប៊ុន ផៃលីន ទឹកប្រាក់ដែលនាងវិនិយោគបន្ទប់ជួលនេះ គឺជាលុយនាងដែលបានសន្សំពីការងារសិល្បៈប៉ុន្មានឆ្នាំមកនេះ ក្នុងនោះមួយចំណែកក៏ជាការឧបត្ថម្ភពីបុរសអាណិកជនម្នាក់ដែលស្រឡាញ់នាងដែរ ។ បន្ទាប់ពីគម្រោងនេះបានរួចរាល់សព្វគ្រប់ប៊ុន ផៃលីន មានជំនឿថា អាចនឹងមានភាពងាយស្រួល ក្នុងការកាន់កាប់មុខរបរសម្រាប់ពេលអនាគត ព្រោះការងារនេះមិនសូវជាប្រើកម្លាំងច្រើនឡើយ ហើយស្រួលទទួលបានលុយ ។
បើទោះបីជាមុខរបរនេះទទួលបានជោគ ជ័យដូចការគ្រោងទុកក៏ដោយ ប៉ុន្តែប៊ុន ផៃលីន នៅតែអះអាងថា នាងនឹងមិនដើរចេញទៅណាឆ្ងាយពីការងារសិល្បៈឡើយ ពោលនាងនៅតែទទួលការងារនេះដដែល ប្រសិនបើម្ចាស់ផលិតកម្ម ឬបណ្តាស្ថានីយទូរទស្សន៍ត្រូវការ ៕