លោក ពូទីន តែងតាំងអតីតរដ្ឋមន្រ្តីជាជំនួយការ
លោកប្រធានាធិបតី រុស្សី (Russia) វ្លាឌីមៀ ពូទីន (Vladimir Putin) បានតែង តាំងជំនួយការថ្មីៗជាច្រើនរូប។ ក្រុមអ្នកវិភាគជាច្រើនចាត់ទុកចំណាត់ការបែបនេះថា ជាការប៉ុនប៉ង ដើម្បីធ្វើឱ្យអំណាចរបស់លោកនាយករដ្ឋមន្រ្តី ឌីមីទ្រី មីដវីដេវ (Dmitry Medvedev) ចុះខ្សោយ។
សេចក្តីប្រកាសរបស់លោក ពូទីន ត្រូវបានរំពឹងថានឹងផ្លាស់ប្តូរមជ្ឈមណ្ឌល នៃអំណាចទៅកាន់វិមានក្រឹមឡាំង (Kremlin)។ អ្នកវិភាគជាច្រើននិយាយថា លោក ប្រធានាធិបតីអាចប្រើប្រាស់ការតែងតាំងនេះជាមជ្ឈមណ្ឌលនៃអំណាច ដែលស្ថិត នៅដាច់ពីរដ្ឋាភិបាល។
នៅក្នុងចំណោមអតីតរដ្ឋមន្រ្តី ដែលឥឡូវនេះគឺជាជំនួយការរបស់លោក ពូទីន រួមមាន លោក តាទីអាណា ហ្គូលីកូវ៉ា (Tatiana Golikova) អតីតរដ្ឋមន្រ្តីសុខាភិ បាល និង លោក អ៊ីហ្គូរ៍ ឡឺវីទីន (Igor Levitin) អតីតរដ្ឋមន្រ្តីដឹកជញ្ជូន។ លោក ពូទីន ក៏បានតែងតាំង លោក រ៉ាស្សីដ នុហ្គាលីយ៉េវ (Rashid Nurgaliyev) អតីតរដ្ឋមន្រ្តីមហាផ្ទៃ ដើម្បីធ្វើជាអនុប្រធានរបស់មេដឹកនាំដ៏មានឥទ្ធិពល ដែល ទទួលបន្ទុកក្រុមប្រឹក្សាសន្តិសុខរបស់ រុស្សី ដែលជាស្ថាប័នប្រឹក្សាមួយរបស់ វិមាន ក្រឹមឡាំង។
ទោះបីជាថា អាណត្តិរបស់លោក នុហ្គាលីយ៉េវ ត្រូវបានបំផ្លិចបំផ្លាញ ដោយសារអំពើហិង្សារបស់ប៉ូលីស អំពើពុករលួយ និងការរំលោភបំពាន។ ឡេអូនីដ រ៉ាដហ្សីខូវស្គី (Leonid Radzikhovsky) ដែលជាអ្នកវិភាគនយោបាយ និយាយ ថា ការសម្រេចចិត្តរបស់លោក ពូទីន អាចសំដៅទៅលើកិច្ចការតែម៉្យាងគត់។
លោកនិយាយថា ទាំងនេះគឺជាការសម្រេចចិត្តតាមបែបការិយាធិបតេយ្យ ដែល បង្ហាញអំពីរឿងតែមួយគត់ ដែលស្តែងឲ្យឃើញនូវអ្វីដែលហៅថាជាអ្នក ជំនាញប្រកបដោយវិជ្ជាជីវៈ ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងរដ្ឋាភិបាល។ ប៉ុន្តែ លោកនិយាយថា តាមទស្សនរបស់លោក សមាជិករបស់រដ្ឋាភិបាលថ្មី នេះ មិនមែនជាសញ្ញា នៃការផ្លាស់ប្តូរទស្សន ឬចក្ខុវិស័យនៃស្ថាន ការនោះ ទេ។
ប្រការនេះនឹងមិនបំពេញតាមការចង់បានរបស់ប្រជាពលរដ្ឋ រុស្សី ភាគច្រើន ដែល សង្សឹមថា សេដ្ឋកិច្ចនឹងស្ថានការនយោបាយ អាចផ្លាស់ប្តូរនៅរុស្សី។ លោក ពូទីន បានប្រឈមមុខនឹងបាតុកម្មទ្រង់ទ្រាយធំជាងគេបង្អស់ ចាប់តាំងពីការ ដួលរលំរបស់សហភាពសូវៀត។ មនុស្សជាច្រើននិយាយថា លោកបានដឹកនាំ ប្រទេស តាមរយៈប្រព័ន្ធនយោបាយដែលត្រូវបានគ្រប់គ្រង យ៉ាងតឹងរឹងមួយនិង អំពើពុករលួយ។
ពួកគេបានតវ៉ាប្រឆាំងនឹងជ័យជម្នះរបស់គណបក្សរួបរួម រុស្សី (United Russian Party) របស់លោក នៅក្នុងការបោះឆ្នោតសភាកាលពីខែធ្នូ ហើយការវិល ត្រឡប់ដែលមិនធ្លាប់មានពីមុនមករបស់លោក ពូទីន ទៅកាន់វិមានក្រឹមឡាំង ជាលើកទីបី។
លោកស្រី សានដ្រា គីទីណា (Sandra Kytina) ដែលជាពលរដ្ឋ រុស្សី និយាយ បន្ទាប់ ពីការតែងតាំងចុងក្រោយបង្អស់ថា មិនមានសេចក្តីសង្ឃឹមសម្រាប់ការ ផ្លាស់ប្តូរនយោបាយពិតប្រាកដណាមួយទេ។លោកស្រី បានឲ្យដឹងថា វិមាន ក្រឹម ឡាំង កំពុងព្រងើយកន្តើយជាបន្តបន្ទាប់ចំពោះការទាមទារបស់ ប្រជាពលរដ្ឋ ដែលថាលទ្ធផលនៃការបោះឆ្នោតសភានិងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី គួរត្រូវបានទុកជាមោឃៈ និងថាការបោះឆ្នោតថ្មី ទាំងការបោះឆ្នោត សភានិងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី គួរត្រូវបានធ្វើឡើង។
ប្រជាពលរដ្ឋ រុស្សី ជាច្រើនអះអាងថា លុះត្រាតែរឿងនេះត្រូវបានអនុវត្ត រាល់ ការសម្រចចិត្តរបស់រដ្ឋាភិបាលទាំងអស់នឹងមិនស្របច្បាប់ឡើយ។ អ្នកវិភាគ ជាច្រើនក៏យល់ស្របដែរថា រដ្ឋាភិបាលថ្មីដែលត្រូវបានតែងតាំងដោយលោក ពូទីន កាលពីថ្ងៃច័ន្ទ នឹងរារាំងមនុស្សលំដាប់ទីពីររបស់លោក គឺលោកនាយករដ្ឋ មន្រ្តី ឌីមីទ្រី មីដវីដេវ មិនឲ្យធ្វើកំណែទម្រង់ឡើយ។
កំណែទម្រង់ទាំងនេះរួមមាន ការដាក់ចេញ គោលនយោបាយដែលគាំទ្រការរីកចម្រើន និងការប៉ុនប៉ងធ្វើឯកជនភាពវូបនីយកម្ម ដើម្បីផ្តាច់ រុស្សី មិនឲ្យពឹងផ្អែក លើប្រេងតទៅទៀត។ ទោះជាយ៉ាងនេះក្តី លោក មីដវីដេវ បន្តនិយាយ ប្រកបដោយភាពវិជ្ជមានអំពីរដ្ឋាភិបាលថ្មីនេះ។
លោកមានប្រសាសន៍ថា ប្រទេស រុស្សី ត្រូវធ្វើកំណែទម្រង់សំខាន់ៗទៅ លើសេវាកម្មរបស់រដ្ឋ ដែលរួមទាំងការណែនាំឱ្យមានការប្រកួតប្រជែងទៅ លើការទទួលយកតួនាទី ដឹកនាំនៅក្នុងអង្គនីតិប្រតិបត្តិ របស់សហព័ន្ធ ទៀតផង។ លោកនាយករដ្ឋមន្រ្តីនិយាយថា លោកបាននិយាយអំពីរឿងនេះ នៅក្នុងក្របខណ្ឌនៃរដ្ឋាភិបាលបើកចំហរមួយ ហើយថារាល់តួនាទីនយោបាយ ទាំងអស់នៅក្នុងរដ្ឋាភិបាល រុស្សី ត្រូវបានបំពេញ ដោយស្របទៅតាមច្បាប់។
ស្របពេលជាមួយគ្នានេះដែរ ក្រុមសកម្មជនប្រឆាំងនិយាយថា ពួកគេនឹងបន្តជំទាស់ ទៅនឹងការវិលត្រឡប់របស់លោក ពូទីន ទៅកាន់វិមានក្រឹមឡាំងវិញ រហូតដល់ ប្រព័ន្ធនយោបាយប្រកបដោយតម្លាភាព ត្រូវបានអនុវត្ត៕ ប្រែសម្រួលដោយ ឌី ខាំបូលី (VOA)