ស្លាប់ជាច្រើននាក់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនិងបាញ់ប្រហារនៅឥណ្ឌូនេស៊ី
សារព័ត៌មាន Cambodia News/
ឥណ្ឌូនេស៊ី (១៤ មករា ២០១៦) ៖ មនុស្សជាច្រើននាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកជាច្រើនគ្រាប់ និងការបាញ់ប្រហារនៅក្នុងទីក្រុងJakartaប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការចុះផ្សាយលើគេហទំព័រ Channel News Asia។
ការផ្ទុះនេះបានកើតឡើងនៅប៉ុស្ដិ៍ប៉ូលិស នៅជិតផ្សារទំនើបមួយក្នុងក្រុង។ ក្នុងចំណោមអ្នកស្លាប់ ក៏មានប៉ូលិសផងដែរ ប៉ុន្ដែមិនទាន់បញ្ជាក់ថាមានអ្នករបួសប៉ុន្មាននាក់ទេ។ ក្រោយពេលកើតហេតុ ដងផ្លូវនៅកន្លែងកើតហេតុត្រូវបានបិទ ហើយការិយាល័យអង្គការសហប្រជាជាតិដែលនៅជិតនោះ ត្រូវបានបញ្ជាឲ្យបុគ្គលិកចាកចេញពីអគារជាបន្ទាន់។
ខណៈនេះមន្ដ្រីរក្សាសន្ដិសុខបានដាក់ពង្រាយនៅជុំវិញតំបន់កើតហេតុ ហើយកំពុងបើកការស៊ើបអង្កេត។ សូមបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយ មានគ្រាប់បែកចំនួន៦គ្រាប់បានផ្ទុះឡើង។ សាក្សីនៅកន្លែងបាននិយាយថា បានឃើញមនុស្សស្លាប់ និងមានស្នូរកាំភ្លើងបន្លឺឡើងផងដែរ។
យ៉ាងណាក៏ដោយ នៅមិនទាន់មានព័ត៌មានបញ្ជាក់ថា ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ បង្កឡើងដោយក្រុមណានោះទេ ប៉ុន្ដែកន្លងមកប៉ូលិសឥណ្ឌូនេស៊ីថាបានទទួលសារព្រមានពីក្រុមរដ្ឋអ៊ីស្លាម ថាអាចមានហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅឥណ្ឌូនេស៊ី។ ទោះជាយ៉ាងនេះក្ដី នៅមិនទាន់មានភស្ដុតាងបង្ហាញថា ក្រុមរដ្ឋអ៊ីស្លាមជាអ្នកនៅពីក្រោយហេតុការណ៍នេះនៅឡើយទេ៕