AZ​ចាប់​ផ្តើម​ជំរុញ​ការ​អនុវត្ត​សំណើ​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល

ហេង នាង
សារព័ត៌មាន
Cambodia News

បដាផ្សព្វផ្សាយឲ្យអ្នកដំណើរដែល​ធ្វើ​ដំណើរ​ជា​ញឹក​ញាប់ និង​ជា​ប្រចាំ​ឲ្​យមក​​ពាក្យ​សុំ​លើក​លែង​ការ​​បង់សេវាផ្លូវជាតិលេខ​៤ (រូបក្រុមហ៊ុន AZ Investment Co., Ltd )។
បដាផ្សព្វផ្សាយឲ្យអ្នកដំណើរដែល​ធ្វើ​ដំណើរ​ជា​ញឹក​ញាប់ និង​ជា​ប្រចាំ​ឲ្​យមក​​ពាក្យ​សុំ​លើក​លែង​ការ​​បង់សេវាផ្លូវជាតិលេខ​៤ (រូបក្រុមហ៊ុន AZ Investment Co., Ltd )។

ភ្នំពេញ៖ បន្ទាប់​ពីមានការស្នើសុំពី​សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃអង្គារកន្លងមកនេះ ​ក្រុមហ៊ុន អេហ្សិត​ អ៊ិនវេសមិន (AZ Investment Co., Ltd) បានចាប់ផ្តើមអនុវត្តលើកលែងការបង់ប្រាក់សម្រាប់​អ្នករស់នៅ​តាម​តំបន់​នៃបណ្តោយផ្លូវជាតិលេខ៤ ដែលមានរថយន្តជាលក្ខណៈគ្រួសារ ចាប់ពីម៉ោង ០០:០០នាទី នាថ្ងៃទី៧ មករា នេះ។

លោក ជួន វ៉ាន់ឌន នាយក​ចាត់ការទូទៅនៃ​​ក្រុម​ហ៊ុន AZ Investment Co., Ltd បាន​ប្រាប់សារព័ត៌មានCambodia News នៅថ្ងៃនេះថា ចាប់តាំងពីការប្រកាស​មក មានមនុស្ស​ប្រមាណ​៥០០​នាក់​ហើយ​បាន​មក​យក​ពាក្​យ​សុំ ដើម្បីស្នើការលើកលែងសេវាប្រើប្រាស់ផ្លូវជាតិលេខ៤ ហើយគិតមកត្រឹមថ្ងៃទី៧នេះ មានទើបតែ៥០នាក់ប៉ុណ្ណោះ​ដែល​បានយកពាក្យមកដាក់។

លោក​​បានបញ្ជាក់ថា បើតាមគោលការណ៍ដែលបានឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន គឺអនុញ្ញាតឲ្យប្រជាពលរដ្ឋ និង​មន្ត្រីរាជការដែលរស់នៅតាមបណ្តោយ​ផ្លូវជាតិលេខ៤ និងតំបន់ក្បែរនោះ ដែលប្រើប្រាស់រថយន្ត​ជាលក្ខណៈគ្រួសារ គឺមិនចាំបាច់បង់សេវាផ្លូវនោះទេ ព្រោះពួកគាត់បានធ្វើដំណើរ​ជាញឹកញាប់ និងជាប្រចាំ។

លោក ជួន វ៉ាន់ឌន បាន​អះអាងថា ក្រុមហ៊ុន​នឹង​អនុវត្តតាមការស្នើសុំពីរាជរដ្ឋាភិបាល ដើម្បីជួយសម្រួលឲ្យ​ម្ចាស់រថយន្តរជាលក្ខណៈគ្រួសារ ដែលធ្វើដំណើរជាញឹកញាប់និងជាប្រចាំ ហើយកិច្ចការនេះ ក្រុម​ហ៊ុន​បានធ្វើ​​ខ្លះរួចហើយកាលពីពេល​កន្លងមក។

គួរ​បញ្ជាក់ថា នៅក្នុងពិធីសម្ពោធស្ពានអាកាស៥មករា កាលពីព្រឹកថ្ងៃទី ៥ មករា សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ជួយ​ពិនិត្យ​លើ​បញ្ហា​នេះ។

នៅក្នុងលិខិតរួមមួយរបស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូនដែល ​បានផ្ញើជម្រាបជូនលោកឧកញ៉ា លឹម រស់ អគ្គនាយក្រុមហ៊ុន AZ Investment Co., Ltd បាន​រៀបរាប់​អំពី​សំណើ​​របស់​ប្រមុខរាជរដ្ឋាភិបាលស្ដីពីការលើកលែងការបង់កម្រៃថែទាំផ្លូវជាតិលេខ៤ចំពោះប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ៤។

លោក វ៉ាន់ឌន បានលើកឡើងថា ដើម្បីជំរុញឲ្យកិច្ចការនេះបានកាន់តែលឿន​ ក្រុមហ៊ុន AZ Investment Co., Ltd បានបង្កើនការផ្សព្វផ្សាយ ដោយចែកចាយបណ្ណព័ត៌មាន ពិសេស​លិខិតរបស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងក្រសួងសាធារណៈការ និងដឹកជញ្ជូន រាប់ពាន់សន្លឹកឲ្យអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ៤ ព្រមទាំងមានបដា​ធំៗបង្ហាញពីព័ត៌មាននេះ​នៅកន្លែងបង់ប្រាក់ផងដែរ៕
12509329_1099291446777813_3063337601076886867_n

Related Articles

Back to top button
Close
Close