ក្រសួងសុខាភិបាលប្រកាសលុបបំបាត់ឲ្យអស់នូវឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ មករា ២០១៦) ៖ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជម្រុញសកម្មភាពលុបបំបាត់ ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់នៅឆ្នាំ២០១៦ ព្រមទាំងអំពាវនាវឲ្យប្រជាពលរដ្ឋនិងអ្នកប្រកបវិជ្ជាជីវៈពេទ្យគោរពច្បាប់និងក្រមសីលធម៌វិជ្ជាជីវៈឲ្យបានល្អ ហើយបើមានបញ្ហាសុខភាព សូមមកប្រើប្រាស់សេវាសុខាភិបាលដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាល ឬក៏គ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ។
នៅក្នុងកិច្ចប្រជុំគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់ដើម្បីកាត់បន្ថយភាពក្រីក្រកាលពីថ្ងៃទី៤ ខែមករា ម្សិលមិញឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេងបានថ្លែងថា តាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មការនេះ ឃើញថា នៅសល់សេវាថែទាំ និងពិគ្រោះព្យាបាលខុសច្បាប់ សរុប ៩៧៣ កន្លែង ដែលក្នុងនេះអ្នកដើរចាក់ថ្នាំអត់ច្បាប់ មាន ៦៨៤ កន្លែង ក្រោយពីបានលុបបំបាត់ អស់ចំនួន ១៣៦៨ រួចមក។
តាមរយៈការបង្ហោះ របស់ទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាល បានឲ្យដឹងពីរបាយការណ៍ថា មកទល់ពេលនេះ សរុបទូទាំងប្រទេស មានសេវាថែទាំ ពិគ្រោះព្យាបាលចំនួន ១០៤៩៥ ក្នុងនេះមាន ៨១៥៤ កន្លែង ដែលមានច្បាប់ អត់ច្បាប់ ៩៧៣ កន្លែង និងលុបបំបាត់បាន ១៣៦៨ កន្លែង នៅក្នុងឆ្នាំ ២០១៥ នេះ។ រីឯមន្ទីរសម្រាកព្យាបាលជម្ងឺ មានចំនួនសរុបទូទាំងប្រទេស ៤៣១ កន្លែង ក្នុងនេះមាន ៤២៨ កន្លែង ដែលមានច្បាប់ មិនទាន់មានច្បាប់ ៣ កន្លែង ដែលកំពុងតែសុំច្បាប់ ដូច្នេះស្ទើរតែ ១០០% ដែលមានច្បាប់នៅក្នុងឆ្នាំ២០១៥៕