ប្រជាជនស៊ីរីបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារឧស្ម័នពុល
សារព័ត៌មាន Cambodia News/
ស៊ីរី (០៥ មករា ២០១៦) ៖ បើតាមរបាយការណ៍អង្គការសហប្រជាជាតិបានចេញផ្សាយកាលពីថ្ងៃទី០៤មករាថា អង្គការឃ្លាំមើលអាវុធគីមីទូទាំងពិភពលោកប្រឆាំងនឹងសារធាតុគីមីបានបង្ហាញថា ប្រជាជននៅក្នុងប្រទេសស៊ីរីមួយចំនួនបានទទួលរងផលប៉ះពាល់ទៅនឹងឧស្ម័នសារីនគឺជាឧស្ម័នពុល។ របាយការណ៍អង្គការសហប្រជាជាតិបានស្ដីបន្ទោសទៅរដ្ឋាភិបាលស៊ីរីថា អាវុធគីមីត្រូវបានគេប្រើប្រាស់ក្នុង១១ករណី។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលស៊ីរីបានចោទប្រកាន់ទៅលើក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរីថា បានប្រើអាវុធគីមី ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស៊ីរី។ ជាការឆ្លើយតប ក្រុមឧទ្ទាមបានបញ្ជាក់ថា ខ្លួនមិនបានប្រើអាវុធគីមីដូចការចោទប្រកាន់រដ្ឋាភិបាលស៊ីរីឡើយ។ ជាមួយគ្នានេះ មន្ត្រីនៅលោកខាងលិចបានឱ្យដឹងថា គឺមិនទំនងឡើយដែលក្រុមឧទ្ទាមស៊ីរីប្រើប្រាស់អាវុធគីមីនិងដាក់ពង្រាយឧស្ម័នពុលនៅក្នុងប្រទេសស៊ីរី៕