អ្នកជិះម៉ូតូនៅកម្ពុជាប្រឈមនឹងការស្លាប់និងរងរបួសក្បាលធ្ងន់ធ្ងររាប់ម៉ឺននាក់
អត្ថបទ និងរូបភាព ដោយ ឆាយ សុផល
ភ្នំពេញ (៣១ធ្នូ ២០១៥)៖ មនុស្សរាប់ពាន់នាក់ដោយរួមទាំងកុមារផងត្រូវស្លាប់ និងរាប់មួយម៉ឺននាក់ត្រូវរងរបួសក្បាលធ្ងន់ធ្ងរគិតត្រឹមឆ្នាំ២០២០ ប្រសិនបើការពាក់មួកសុវត្ថិភាពមិនត្រូវបានជំរុញឲ្យមានប្រសិទ្ធភាពនិងជាប្រចាំ។
“បើមានការអនុវត្តច្បាប់ចំពោះការពាក់សុវត្ថិភាពសម្រាប់អ្នករួមដំណើរតាមម៉ូតូ ព្រមទាំងកុមារឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ហើយកម្រិតនៃការពាក់មួយសុវត្ថិភាពកើនបានត្រឹម៨០% នោះនឹងអាចជួយសង្រ្គោះជីវិតមនុស្សជាអ្នករួមដំណើរតាមម៉ូតូ ព្រមទាំងកុមារបានយ៉ាងតិចណាស់៥៦១នាក់ និងការពារការរងរបួសក្បាលធ្ងន់ធ្ងររហូតដល់១០.៥៧៤នាក់គិតត្រឹមឆ្នាំ២០២០”។ នេះជាការលើកឡើងរបស់លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) ប្រចាំកម្ពុជា។
ដោយសំអាងលើការសិក្សាស្រាវជ្រាវរបស់អង្គការ AIP Foundation នៅឆ្នាំ២០១៤ លោក បញ្ញា បានបន្តថា ចំនួននេះមិនទាន់គិតពីការសង្រ្គោះជិវិតអ្នកបើកបរម៉ូតូដែលមានចំនួនម៉ូតូកាន់តែច្រើននៅឡើយទេ។
តើនរណាអាចជួយកាត់បន្ថយការរងរបួសក្បាលនេះបាន? តើអ្នកដទៃ បុគ្គលខ្លួនឯង ឬក៏ច្បាប់?
មិនគួរឲ្យជឿទេដែលថា មួកសុវត្ថិភាពមួយដែលមានគុណភាពនិងតម្លៃសមរម្យអាចជួយសង្គ្រោះជីវិតមនុស្សម្នាក់បាន ឬក៏ការបង្ការមិនឲ្យរងរបួសក្បាលធ្ងន់ធ្ងរដែលនាំឲ្យពិការអស់មួយជីវិត។
អ្នកបើកបរម៉ូតូ ពិសេសអ្នករួមធ្វើដំណើរទាំងកុមារ និងមនុស្សចាស់ ដែលអង្គុយទាំងខាងមុខនិងខាងក្រោយអ្នកបើកបរ ហើយមិនបានពាក់មួកសុវត្ថិភាពនោះត្រូវបានអ្នកជំនាញចរាចរណ៍កត់ត្រាថា បាននិងកំពុងប្រឈមគ្រោះថ្នាក់ ដោយប៉ះទង្គិចក្បាលយ៉ាងធ្ងន់ធ្ងនៅពេលមានគ្រោះថ្នាក់ចរាចរណ៍ម្តងៗ។
ការធ្វេសប្រហែសតែបន្តិចនៅពេលធ្វើដំណើរដោយមិនពាក់មួកសុវត្ថិភាព បុគ្គលម្នាក់ ឬគ្រួសារមួយអាចបាត់បង់អ្នកជាទីស្រឡាញ់ ឬថា ខ្លួនឯងនិងអ្នករួមដំណើរអាចធ្លាក់ខ្លួនពិការអស់មួយជីវិត ដែលនាំឲ្យមានវិប្បដិសារីគ្មានថ្ងៃបំភ្លេចបាន។
បើតាមរបាយការណ៍របស់ប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានឲ្យដឹងថា ៧០%នៃអ្នកគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាគឺអ្នកជិះម៉ូតូដែលរួមមានអ្នកបើកបរ និងអ្នករួមដំណើរទាំងក្មេងនិងមនុស្សចាស់។
របាយការណ៍បង្ហាញថា ៦០%នៃអ្នកគ្រោះថ្នាក់នោះគឺរងការប៉ះទង្គិចក្បាល ហើយភាគច្រើនលើសលុបមិនបានពាក់មួកសុវត្ថិភាពនៅពេលគ្រោះថ្នាក់កើតឡើង។
ដោយសំអាងលើរបាយការណ៍មួយស្តីពីការសិក្សាជាអន្តរជាតិ លោក គឹម បញ្ញា បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុននៅឯខេត្តព្រះសីហនុថា “ការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវនិងមានគុណភាពពិតជាបានជួយកាត់បន្ថយហានិភ័យនៃការរងរបួសក្បាលធ្ងន់ធ្ងរបានរហូតដល់ប្រមាណ៦៩ភាគរយ និងការស្លាប់បានប្រមាណ៤២ភាគរយ”។
លោកបានអំពាវនាវឲ្យមានការផ្សព្វផ្សាយតាមគ្រប់រូបភាពស្តីពីសុវត្ថិភាពនៃការប្រើមួកសុវត្ថិភាពនៅពេលធ្វើដំណើរ ទោះជាជិត ឬឆ្ងាយក្តី ហើយត្រូវជិះយឺតៗ ខណៈដែលត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់ ជាប់លាប់ ស្មើភាពនិងតម្លាភាព ព្រមទាំងលើកទឹកចិត្តឲ្យវិស័យឯកជននានាចូលរួមជំរុញការពាក់មួកសុវត្ថិភាព ពិសេសក្នុងចំណោមកុមារ និងអ្នករួមដំណើរ។
លោក បញ្ញា បន្តថា បន្ទាប់ពីបានផ្តល់ការអប់រំ និងការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍អស់រយៈពេលយូរមកហើយក៏ដោយ ក៏អត្រាអ្នកពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នករួមដំណើរតាមម៉ូតូ ក្នុងនោះមានទាំងកុមារផង មានត្រឹមតែ១៥%ប៉ុណ្ណោះ គិតត្រឹមខែសីហា ឆ្នាំ២០១៥ នេះ នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលជាតំបន់គោលដៅរបស់អង្គការ AIP Foundation ដែលចំនួននេះគឺនៅតិចតួចបំផុត ហើយជាមួយនិងចំនួនដ៏តិចតួចនេះ គឺមានតែពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ប៉ុណ្ណោះ ទើបអាចបង្កើនចំនួនអ្នកពាក់មួកសុវត្ថិភាព ដែលមានប្រសិទ្ធភាពក្នុងការជួយសង្រ្គោះជីវិតមនុស្សនៅពេលធ្វើដំណើរតាមម៉ូតូ។
នី ប៊ុនធឿន អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៣នៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ និងមិត្តភក្តិម្នាក់របស់ខ្លួនបានរួចផុតពីការរងរបួសក្បាលធ្ងន់ធ្ងរ នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កាលពីភ្ជុំបិណ្យកន្លងមក។
ប៊ុនធឿន បានរម្លឹកថា ខ្លួនជាអ្នកជិះពីក្រោយ ឯមិត្តភក្កិជាអ្នកឌុប ហើយខណៈពេលកំពុងបើកបរ ស្រាប់តែមានឆ្កែមួយក្បាលរត់កាត់ថ្នល់ ដែលធ្វើឲ្យអ្នកឌុបភ្ញាក់ជាន់ហ្រ្វាំងដោយបង្វំ រហូតម៉ូតូបានដួលអូសកាត់ថ្នល់ជាច្រើនម៉ែត្រ”។
ប៊ុនធឿន “បើពួកខ្ញុំមិនបានពាក់មួយសុវត្ថិភាពទេ មិនដឹងថា ក្បាលរបស់ពួកខ្ញុំទៅជាយ៉ាណាទេ ព្រោះក្បាលរបស់ពួកខ្ញុំបានបោកទៅនឹងថ្នល់ ហើយអូសកាត់ផ្ទៃថ្នល់ជាច្រើនម៉ែត្រ។ ដៃជើងពួកខ្ញុំបានរលាត់ដាច់សាច់ តែមិនប៉ះពាល់ក្បាលទេ បើទោះជាមានការឈឺបន្តិចបន្ទួចក៏ដោយ”។
ទាញយកបទពិសោធន៍នេះ ប៊ុនធឿន បានអំពាវនាវឲ្យអ្នកជិះម៉ូតូទាំងអស់ត្រូវពាក់មួកសុវត្ថិភាព ទោះចាទៅជិតឬឆ្ងាយក៏ដោយ ព្រោះគ្រោះថ្នាក់អាចកើតមានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ពេលកំពុងជិះម៉ូតូ។
ចាប់តាំងពីឆ្នាំ២០០៩មក នៅពេលសមត្ថកិច្ចបានរឹតបន្តឹងច្បាប់ចរាចរណ៍ ពិសេសការពាក់មួកសុវត្ថិភាពសម្រាប់អ្នកបើកបរ នោះចំនួនអ្នកពាក់មួកសុវត្ថិភាពបានកើនឡើងគួរឲ្យកត់សម្គាល់ តែអ្នករួមដំណើរភាគច្រើនលើសលុប ទាំងក្មេងទាំងចាស់ដែលអង្គុយខាងមុខនិងខាងក្រោយអ្នកបើកបរ មិនបានពាក់មួកសុវត្ថិភាពឡើយ។
គួរបញ្ជាក់ថា កថាខណ្ឌ៨ ក្នុងមាត្រា៨ នៃច្បាប់ចរាចរណ៍ផ្លូវគោកចែងថា “ទោចក្រយានយន្តអាចផ្ទុកមនុស្សពីរនាក់ និងអាចបន្ថែមបានកុមារមួយនាក់។ អ្នកបើកបរទោចក្រយានយន្ត និងអ្នករួមដំណើរ ព្រមទាំងកុមារដែលមានអាយុចាប់ពី៣ (បី) ឆ្នាំឡើងទៅ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ អ្នកបើកបរត្រីចក្រយានយន្ត និងអ្នកបើកបរទោចចក្រយានយន្តសណ្តោងរឺម៉កត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ”។
ពិសេសជាងនេះ ប្រសិនបើមិនពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរតាមម៉ូតូទេ នោះនគរបាលចរាចរណ៍នឹងពិន័យក្នុងម្នាក់១៥.០០០ រៀល ដែលតម្លៃពិន័យនេះពីរដងស្ទើរតែស្មើនឹងតម្លៃមួកសុវត្ថិភាពមួយ។
គិតស្រមៃបន្តិចទៅមើលថា ប្រសិនបើយើងជាមេគ្រួសារ ហើយត្រូវរងរបួសក្បាលធ្ងន់ធ្ងរដោយធ្លាក់ខ្លួនពិការ ឬក៏បាត់បង់ជិវិតនៅពេលជិះម៉ូតូនោះ តើស្ថានភាពគ្រួសាររបស់យើងនឹងទៅជាយ៉ាងណា ហើយបើអ្នកជាទីស្រឡាញ់របស់យើងដូចជាកូន ប្រពន្ធ ឪពុក ម្តាយ បងប្អូន ឬក៏សាច់ញាតិដែលបានរងគ្រោះថ្នាក់បោកក្បាលធ្ងន់ធ្ងរនោះ តើយើងមានវិប្បដិសារីយ៉ាងណានៅក្នុងជីវិត? នេះគឺមិនទាន់គិតពីផលប៉ះពាល់ដោយអវិជ្ជមានផ្នែកសេដ្ឋកិច្ចមកលើគ្រួសារនិងសង្គមនៅឡើយទេ។
មួកសុវត្ថិភាពគឺពិតជាឧបករណ៍ថែរក្សាជិវិតយើង នៅពេលជិះម៉ូតូទាំងអ្នកបើកបរ និងអ្នករួមដំណើរ ហើយត្រូវជិះក្នុងល្បៀនកំណត់ទៅតាមផ្លូវច្បាប់។
លោកឧត្តមសេនីយទោ ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនរគបាលជាតិបាននិយាយថា ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ថ្មីចាប់ពីថ្ងៃទី១ មករា ទៅ សមត្ថកិច្ចចំនួន១៧២ក្រុម ដែលមានកម្លាំង១.៧៥០នាក់ បានឈរជើងនៅប៉ុស្តិ៍ត្រួតពិនិត្យចំនួន១៦៦កន្លែងនៅទូទាំងប្រទេស ដើម្បីពិន័យអ្នកដែលមិនគោរពច្បាប់ចរាចរណ៍។
លោកឧត្តមសេនីយក៏បានអំពាវនាវប្រជាពលរដ្ឋ ដោយឡែកអ្នកជិះម៉ូតូទាំងអ្នកបើកបរនិងអ្នករួមដំណើរឲ្យគោរពច្បាប់ចរាចរណ៍ ដោយត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នាពេលធ្វើដំណើរតាមដងផ្លួវ។ លោកបានបន្ថែមថា ច្បាប់នេះនឹងត្រូវអនុវត្តយ៉ាងតឹងរឹង គឺមិនអាចពន្យារពេលបានបន្តទៀតនោះទេ៕