លោក អូបាម៉ា នឹងជួបជាមួយមេដឹកនាំអាស៊ានលើកដំបូងនៅខែកុម្ភៈខាងមុខនេះ
សារព័ត៌មាន Cambodia News/
អាមេរិក (៣១ ធ្នូ ២០១៥) ៖ ប្រធានាធិបតីអាមេរិកលោក Barack Obama នឹងជួបជាមួយមេដឹកនាំមកពីសមាគមន៍អាស៊ាននៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦កុម្ភៈ ក្នុងរដ្ឋកាលីហ្វញ៉ា(California)ប្រទេសអាមេរិក។ នេះបើតាមការឲ្យដឹងពីសេតវិមានអាមេរិកកាលពីថ្ងៃទី៣០ធ្នូ ឆ្នាំ២០១៥។
ការជួបជុំរវាងមេដឹកនាំមហាអំណាចលោកអូបាម៉ានិង មេដឹកនាំអាស៊ាននេះ គឺធ្វើឡើងជាលើកដំបូងហើយ។ សេតវិមានអាមេរិកបានបញ្ជាក់ថា លោកObamaនឹងពិភាក្សាជាមួយមេដឹកនាំអាស៊ានស្ដីពីតុល្យភាពឡើងវិញ និងគោលនយោបាយបរទេសរបស់អាមេរិកឆ្ពោះទៅតំបន់អាស៊ី។
កិច្ចប្រជុំនេះនឹងផ្ដល់ឱ្យមេដឹកនាំអាស៊ីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្រោមភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក ដូចកាលពីកិច្ចប្រជុំនៅខែវិច្ឆិកា ឆ្នាំ២០១៥នៅទីក្រុងកូឡាឡាំពួស្ដីពីនយោបាយសន្តិសុខនិងបញ្ហាសេដ្ឋកិច្ច។ កាលណោះ លោកអូបាម៉ាបានប្រកាសពីផែនការសម្រាប់កិច្ចប្រជុំកំពូលជាមួយមេដឹកនាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងកូឡាឡាំពួ។
ក្រៅពីនេះ ក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋរដ្ឋកាលីហ្វញ៉ា(California) គឺមេដឹកនាំអាស៊ាន ទាំងអស់ត្រូវបង្ហាញពីការប្ដេជ្ញាចិត្តរួបរួមគ្នា ដើម្បីបង្កើតសម្ព័ន្ធមិត្តក្នុងប្រទេសតំបន់អាស៊ី។ ការបង្កើតសម្ព័ន្ធមិត្តក្នុងប្រទេសតំបន់អាស៊ី ក្នុងគោលបំណងប្រជែងជាមួយប្រទេសចិនពាក់ព័ន្ធបញ្ហានៅសមុទ្រចិនខាងត្បូង៕