សម្តេច ស ខេង ប្រកាស​លើកពេល​​ផាកពិន័យ​អ្នក​ជិះ​ម៉ូតូគ្មាន​ប័ណ្ណបើកបរ​​

សារព័ត៌មា​ន Cambodia News/

​ភ្នំ​ពេញ​ (៣១ ធ្នូ ២០១៥) ៖ ថ្លែងនៅក្នុងកិច្ចប្រជុំ​ត្រួតពិនិត្យ​និង​ការ​ត្រៀមលក្ខណៈ​អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលធ្វើឡើង​នៅទីស្តីការក្រក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានថ្លែង​ថា​ការផាកពិន័យអ្នក​ជិះម៉ូតូ​​​គ្មាន​ប័ណ្ណ​បើក​បរ​ ​នឹងមិន​​អនុវត្ត​ចាប់ពីថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦នោះទេ។​

ក្រុមនគរបាលចរាចរណ៍ចុះណែនាំ ដល់អ្នកបើកបរជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាព និងអ្នកជិះជាមួយមិនបានពាក់មួកសុវត្ថិភាព នៅតាមដងផ្លូវ។ (រូប​ភាព ៖ ហេង នាង​)​
ក្រុមនគរបាលចរាចរណ៍ចុះណែនាំ ដល់អ្នកបើកបរជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាព និងអ្នកជិះជាមួយមិនបានពាក់មួកសុវត្ថិភាព នៅតាមដងផ្លូវ។ (រូប​ភាព ៖ ហេង នាង​)​

ការប្រកាសផាកពិន័យអ្នក​ជិះម៉ូតូ​​​គ្មាន​ប័ណ្ណ​បើក​បរ​ ​នឹងមិន​​អនុវត្ត​ចាប់ពីថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦នេះ ​បន្ទាប់ពី​ សម្តេច ហ៊ុន សែន ​​​ បានបញ្ជា​ឲ្យ​ផ្អាក​បណ្តោះ​អាសន្ន​ពីការធ្វើប័ណ្ណ​បើក​បរឡាន​ម៉ូតូ។ ​សម្តេច ស ខេង ​បន្ត​ថា ​បន្ទាប់​ពី​ការកំណត់តម្លៃ រដ្ឋាភិបាល​នឹង​ទុក​រយៈ​ពេល​យ៉ាងតិច​៣ខែ​សម្រាប់​ប្រជា​ពលរដ្ឋ​ទៅ​ធ្វើ​ប័ណ្ណ​បើក​បរ​ មុន​នឹង​ការ​អនុវត្តច្បាប់។

សម្តេច​ ស ខេង បាន​បញ្ជាក់ផង​ដែរ​ថា នៅរាជធានីភ្នំពេញ ​ម៉ូតូ​មានប្រមា​ណ​​១,២លានគ្រឿង ហើយក្នុងនោះ​​អ្នក​បើក​បរ​ប្រមាណ​៧ម៉ឺននាក់​ប៉ុណ្ណោះ​ដែល​មាន​ប័ណ្ណ​បើក​បរ។

គួរ​បញ្ជាក់​ថា​កាលពីថ្ងៃពុធ សម្តេច​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួងសាធារណការ​និងដឹកជញ្ជូន​ផ្អាកបណ្តោះ​អាសន្នការធ្វើប័ណ្ណបើកបរម៉ូតូឡានក្រោយពី​សម្តេច ​បាន​ទទួលការត្អូញត្អែរពីប្រជា​ពលរដ្ឋ​តាមរយៈ​ហ្វេសប៊ុក​របស់​សម្តេចថា ​តម្លៃ​ធ្វើប័ណ្ណបើកបរ​ថ្លៃពេក។

​ការផាកពិន័យ​ដែល​នឹង​ត្រូវ​អនុវត្ត​នៅដើម​ឆ្នាំក្រោយ មាន​ដូចជា​​ផាកពិន័​យអ្នកជិះម៉ូតូដែល​មិនឲ្យអ្នកធ្វើដំណើរពីខាងក្រោយពាក់មួកសុវត្ថិភាព អ្នក​បើកបរ​និយាយ​ទូរស័ព្ទ និង​អ្នកជិះម៉ូតូទាំ​ងឡាយដែ​លបង្កការរំខាននៅ​តាម​ដងផ្លូវ។​ សមត្ថកិច្ច​នឹង​ពិន័យ​អ្នក​បើក​បរ​យាន​យន្ត​ដែល​​មិន​បាន​ភ្ជាប់​តា​ម​ខ្លួន​នូ​វ​ឯក​​សារ​ដើម​រួមមាន​បណ្ណ​បើក​បរ​យាន​យន្ត បណ្ណ​សម្គាល់យានយន្ត​ វិញ្ញា​បន​បត្រ​ត្រួតពិនិត្យ​​លក្ខណៈ​បច្ចេកទេស​យាន​យន្ត​ ឬ​លិខិត​អនុញ្ញា​ត​ធ្វើ​អាជីវកម្ម​ចំពោះ​រថយន្ត​ដែល​ប្រកប​អាជីវកម្ម​​ដឹក​ជញ្ជូន៕

​​

​​

Related Articles

Back to top button
Close
Close