ប្រជាពលរដ្ឋសំរុកទៅធ្វើបណ្ណ័បើកបរយានយន្តគ្រប់ប្រភេទខណៈច្បាប់ចរាចរណ៍ថ្មីជិតចាប់ផ្តើមអនុវត្តន៍
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ ធ្នូ ២០១៥) ៖ ក្នុងរយៈពេលប៉ុន្មានសប្តាហ៏កន្លងមកនេះបន្ទាប់ពីក្រសួងមហាផ្ទៃបានប្រកាស ច្បាប់ចរាចរណ៍ថ្មី និងត្រូវចាប់ផ្តើមអនុវត្តន៍នៅថ្ងៃទី១ខែមករា២០១៦ខាងមុខនេះ ប្រជាពលរដ្ឋបាននាំគ្នាសំរុកទៅធ្វើបណ្ណ័បើកបរយានយន្តគ្រប់ប្រភេទយ៉ាងច្រើនកុះករ ខុសប្លែកពីធម្មតា។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ធ្នូ ២០១៥ ប្រជាពលរដ្ឋ រាជធានីភ្នំពេញ បាននាំគ្នាទៅប្រលងធ្វើបណ្ណ័បើកបរម៉ូតូចំនួន៣១៦នាក់ កើនទ្វេដង បន្ទាប់ពីច្បាប់ចរាចរណ៍ថ្មីគ្រោងចាប់ផ្តើមអនុវត្តន៍នៅថ្ងៃទី១ខែមករា២០១៦នេះ
លោកមាស ចន្ថា ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរ និងសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងមួយថ្ងៃប្រជាពលរដ្ឋបានសំរុកទៅធ្វើបណ្ណ័បើកបរទោចក្រយានយន្តនិងបណ្ណ័បើកបរយានយន្តមានរហូតដល់ទៅជិត៣០០ នាក់។
លោកមាស ចន្ថា បានបន្តថា ចាប់ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៥នេះអ្នកដែលបានទៅធ្វើបណ្ណ័បើកបរនៅទូទាំងរាជធានីភ្នំពេញ សំរាប់បណ្ណ័បើកបរ ម៉ូតូមានចំនួន៦៩០២០ និងបណ្ណ័បើកបរ រថយន្តមានចំនួន១១២០៨៧ ។
ចំពោះអ្នកដែលចុះឈ្មោះក្នុងការប្រឡង យកបណ្ណ័បើកបរបាន ត្រូវភ្ជាប់មកជាមួយនូវ អត្តសញ្ញាណបណ្ណ័ សៀវភៅគ្រួសារឬ សំបុត្រកំណើត ហើយមានការបញ្ជាក់ពីសាលាបង្រៀនបើកបរផងដែរ ៕