មនុស្សជិត១០០នាក់ បានបាត់ខ្លួនបន្ទាប់ពីការបាក់ដីយ៉ាងធំមួយនៅភាគខាងត្បូងប្រទេសចិន
សារព័ត៌មាន Cambodia News/
ចិន (២១ ធ្នូ ២០១៥) ៖ យ៉ាងហោចណាស់មនុស្សជិត១០០នាក់ត្រូវបានគេរាយការណ៍មកថា បានបាត់ខ្លួនបន្ទាប់ពីការបាក់ដីយ៉ាងធំមួយនៅភាគខាងត្បូងប្រទេសចិន ស្ថិតនៅតំបន់ឧស្សាហកម្ម Liuxi ភាគខាងលិចទីក្រុង Shenzhen។ នេះបើយោងតាមការឲ្យដឹងពីសំណាក់អាជ្ញាធរ។
ប្រភពពីទីភ្នាក់ងារ Xinhua បានរាយការណ៍ ការរអិលបាក់ដីនេះ បានធ្វើឲ្យកម្មករប្រមាណ៩១នាក់បានបាត់ខ្លួន ក្នុងនោះ៥៩ជាបុរស និង៣២នាក់ជាស្រី ព្រមទាំងអគារចំនួន៣៣ ត្រូវបាក់រលំ។ ការបាក់រលំនេះធ្វើឲ្យបំពង់បង្ហូរឧស្ម័នធម្មជាតិផ្ទុះនៅឯសួនឧស្សាហកម្មនេះហូតដល់ទៅបួនគីឡូម៉ែត្រ។
ការបាក់ដីនោះមិនមានកើតឡើងដោយភ្លាមៗនោះឡើយគឺមានសញ្ញាជាមុន ទើបមន្ត្រីក្នុងតំបន់បានជម្លៀសពលរដ្ឋជាង៩០០នាក់ទៅកាន់តំបន់មានសុវត្ថិភាព។ ក៏ប៉ុន្តែក៏នៅមានមនុស្សមួយចំនួនបានចេញ ចូលទៅកាន់ទីនោះយកសម្ភារ ទើបបង្កឲ្យមានការបាត់ខ្លួនបែបនេះ។ មន្ត្រីក្នុងតំបន់ក៏មិនទាន់ប្រាកដថា មានមនុស្សប៉ុន្មាននាក់ជាប់នៅខាងក្នុងនោះឡើយ ៕