កម្ពុជាបើកចំហចំពោះអ្នកស្រឡាញ់ភេទដូចគ្នា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ ធ្នូ ២០១៥) ៖ ថ្លែងនៅក្នុងពិធីសម្ពោធពិព័រណ៍ជីវិតឥន្ទនូ ដែលរៀបចំឡើងដោយស្ថានទូតស៊ុយអែតប្រចាំកម្ពុជា និងអង្គការអនាគតយុវជនកម្ពុជាកាលពីថ្ងៃទី០១ ធ្នូ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថារាជរដ្ឋាភិបាល កម្ពុជា មិនមានគោលនយោបាយ រើសអើសចំពោះអ្នកស្រឡាញ់ភេទដូចគ្នានោះទេ។
លោកបន្តថា រដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានបានចាត់ទុកអ្នកស្រឡាញ់ភេទដូចគ្នា សុទ្ធតែជាពលរដ្ឋពេញសិទ្ធិ គ្មានការរើសអើងគ្រប់កាលៈទេសៈទាំងអស់។ លោកក៏បានជំរុញឱ្យមានការបង្កើតជាសមាគមមួយសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ក្នុងការជួយការពារសិទ្ធិគ្នានិងបណ្តុះបណ្តាលជំនាញ ដើម្បីឱ្យមានមុខងារនិងតួនាទីនៅក្នុងសង្គមបានដូចអ្នកដទៃទៀត។
លោកខៀវ កាញារីទ្ធក៏បានបញ្ជាក់ថា ក្រសួងព័ត៌មានបានណែនាំដល់ពិធីករ ពិធីការិនីនៅតាមទូរទស្សន៍និងវិទ្យុទាំងអស់ មិនត្រូវនិយាយបង្អាប់បន្ថោកដល់អ្នកស្រឡាញ់ភេទដូចគ្នានោះឡើយ ដោយត្រូវឲ្យមានការគោរពគ្នាទៅវិញទៅមក៕