កម្មវិធីទូរទស្សន៍ជួយគាំទ្រការទប់ស្កាត់អំពើហិង្សាលើដៃគូ
ដោយ ហេង នាង
ភ្នំពេញ (២០ វិច្ឆិកា ២០១៥)៖ មានការស្រាវជ្រាវ ជាច្រើនបង្ហាញថាប្រព័ន្ធផ្សព្វផ្សាយបានឆ្លុះបញ្ចាំងពីតំលៃវប្បធម៍និងសង្គម និងមានឥទ្ធិពលលើសាធារណៈជាទូទៅទាំងវិជ្ជមាននិងអវិជ្ជមាន។ មានការបង្ហាញថា អំពើហិង្សាតាមទូរទស្សន៍មានឥទ្ធិពលអវិជ្ជមានលើអ្នកទស្សនា ជាពិសេសកុមារដែលការបង្ហាញនោះធ្វើឲ្យពួកគេធ្វើតម្រាប់តាម។ នៅក្នុងនោះដែរទំនាក់ទំនងរវាងប្រព័ន្ធផ្សព្វផ្សាយនិងហិង្សាលើដៃគូ ស្និទ្ធស្នាលក៏រាប់បញ្ចូលផងដែរ ក្នុងនោះមានការជះឥទ្ធិពលពីឥរិយាបទដោយធម្មតានិងហិង្សាលើដៃគូស្និទ្ធស្នាល។ ឥទ្ធិពលទាំងនោះរួមមាន ស្ត្រីបង្ហាញថាខ្លួនជាជនរងគ្រោះពីដៃគូតាមរយៈការសម្ដែងជាការ កម្សាន្តដូចជាកប្លែងជាដើម។ ការសិក្សាមួយចំនួនបានបង្ហាញថាការប្រើប្រាស់អំពើហឹង្សាក្នុងប្រព័ន្ធផ្សព្វ ផ្សាយបង្កើនការឈ្លានពាន ញុះញង់ឱ្យមានបទឧក្រិដ្ឋរួមទាំងការសម្លាប់ដៃគូ ចម្លងតាមគ្នា និងអាចនាំឱ្យមានស្នេហាបែបហិង្សា។
តាម ការសិក្សារបស់ក្រសួងកិច្ចការនារីឆ្នាំ២០០៥ បង្ហាញថាអ្នកតបសម្ភាសន៍បានរាយការណ៍ថាប្រព័ន្ធផ្សព្វផ្សាយ មានឥទ្ធិពលលើអាកប្បកិរិយាអ្នកប្រព្រិត្តិ។ តាមការសិក្សានេះប្រព័ន្ធផ្សព្វផ្សាយត្រូវបានគេរាយ ការណ៍ថាជាកត្តាទី៣ដែលមានឥទ្ធិពលបំផុតលើឥរិយាបទរបស់បុរសក្នុងការ ប្រព្រឹត្តិហិង្សាលើស្ត្រី បន្ទាប់ពីការខ្វះខាតនៃការអនុវត្តច្បាប់និងការដាក់សម្ពាធលើបុរសជាដៃគូ។ ការអង្កេតនេះបានបង្ហាញថាមានឥទ្ធិពលស្រដៀងគ្នានឹងឥរិយាបទរបស់ ស្ត្រីលើអាកប្បកិរិយារបស់បុរស ក្នុងនោះពាក់កណ្តាលនៃស្ត្រីបានរាយការណ៍ថាប្រព័ន្ធផ្សព្វផ្សាយមានឥទ្ធិពល លើអាកប្បកិរិយារបស់ពួកគេឆ្ពោះទៅរកឥរិយាបទរបស់បុរស។ ទោះយ៉ាងណានេះមិនមានការ បង្ហាញថាតើប្រព័ន្ធផ្សព្វផ្សាយដែលមានឥទ្ធិពលជាវិជ្ជមានឬអវិជ្ជមានលើឥរិយាបទរបស់បុរសនៅ ប្រទេសកម្ពុជានោះទេ។
ក្នុងការជួយកាត់បន្ថយការបង្ហាញ អំពើហិង្សាក្នុងប្រព័ន្ធផ្សព្វផ្សាយជាពិសេស តាមទូរទស្សន៍ដែលជាប្រព័ន្ធផ្សព្វ ផ្សាយមួយមានឥទ្ធិពលខ្លាំងលើប្រជាជនកម្ពុជានោះ វិទ្យាស្ថានបើកទូលាយបានចាប់ផ្ដើមអនុវត្តគម្រោងមួយដែលមាន ឈ្មោះថា “ទប់ស្កាត់អំពើហិង្សាលើដៃគូតាមរយៈប្រព័ន្ធផ្សព្វផ្សាយ” មានរយៈពេល៤ខែចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០១៥ ក្រោមការជួយឧបត្ថម្ភថវិការបស់អង្គការមូលនិធិអាស៊ី។ គម្រោងនេះមានគោលបំណងស្វែងរកការគាំទ្រតាមបណ្តាញទូរទស្សន៍ និងបណ្តាញព័ត៌មានផ្សេងៗទៀត ដើម្បីជម្រុញឱ្យមានការកាត់បន្ថយអំពើហិង្សាលើដៃគូ។
លោកស្រី ជឹម ម៉ាណាវី នាយិកាអង្គការវិទ្យាស្ថានបើកទូលាយបានមានប្រសាសន៍ថា ស្ថានីយ៍ទូរទស្សន៍ចំនួនបីត្រូវបានជ្រើសរើសជាបឋមក្នុងការស្វែងរកការគាំ ទ្រនេះ។ ក្នុងការរៀបចំយុទ្ធនាការស្វែងរកការគាំទ្រនេះ អ្នកចូលរួមតម្រូវឲ្យប្រើគណនេយ្យ ហ្វេសប៊ុកផ្ទាល់ខ្លួនក្នុងការ បង្ហោះ(Post) ចែករំលែក (Share ) និងបញ្ចេញមតិ (Comment) ដោយសរសេរគំនិត និងយោបល់ផ្ទាល់ខ្លួនឆ្លុះបញ្ចាំងពីអំពើហិង្សាលើដៃគូស្និទ្ធស្នាល។ ក្នុងការជួយសម្រួលក្នុងយុទ្ធនាការនេះ អ្នកចូលរួមអាចស្នើចូលជាសមាជិករបស់ក្រុមជជែកក្នុងការស្វែងរក គំនិត វីដេអូថ្មីៗ និងការជួយណែនាំផ្សេងៗទៀត។ វគ្គបណ្ដុះបណ្ដាលបានរៀបចំឡើងសម្រាប់អ្នកចូលរួមក្នុងការស្វែងយល់ ពី អំពើហិង្សា អំពើហិង្សាលើដៃគូស្និទ្ធស្នាល ធម្មជាតិនិងប្រភេទហិង្សា និងផលវិបាករបស់វាផងដែរ។ បន្ថែមពីនេះវគ្គបណ្ដុះបណ្ដាលក៏សង្កត់ធ្ងន់លើរបៀបនៃការសរសេរ ក្រមសីលធ៌មនិងច្បាប់សារព័ត៌មាន អនុសញ្ញាស្ដីពីការលប់បំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី និងការប្រើប្រាស់ហ្វេសប៊ុកសម្រាប់បង្ហោះ ចែករម្លែក និងការបញ្ចេញមតិផងដែរ។
ក្រៅពីយុទ្ធនាការតាមរយៈអ័នឡាញ ជាប្រចាំថ្ងៃ អ្នកចូលរួមក៏នឹងមានឳកាសក្នុងការចូលរួមក្នុងយុទ្ធនាការ១៦ ថ្ងៃក្នុងការបញ្ឈប់អំពើហិង្សាលើស្រ្តីក្រោមការរៀបចំដោយអង្គ ការជាតិ និងអន្តរជាតិ ក្នុងកម្មវិធីមួយចំនួនដូចជាការរាំនៅក្រុងភ្នំពេញ ការរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប និងការចុះអប់រំនិងបង្រៀននៅតាមសាលារៀនផ្សេងៗ។ មិនត្រឹមតែជួយបង្កើនការចាប់អារម្មណ៍និងការយល់ដឹងជាសាធារណៈ ក្នុងឳកាសនោះផងដែរអ្នកចូលរួមនឹងទទួលបានអាវយឺត ក្រម៉ា និងកាបូបយួរផងដែរ។ ក្នុងពេលជាមួយគ្នា វិទ្យាស្ថានបើកទូលាយក៏នឹងរៀបចំជាការប្រកួតមួយដែលតម្រូវឲ្យ អ្នកចូលរួម ថតរូបផ្ទាល់រួមជាមួយនឹងសារអប់រំក្នុងការកាត់បន្ថយអំពើហិង្សាលើ ដៃគូស្និទ្ធស្នាល រួចប្ដូររូបនេះក្នុងគណនេយ្យហ្វេសប៊ុកខ្លួនឯង ហើយបើអ្នកចូលរួមណាទទួលបានការចូលចិត្ត (Like) និងការបញ្ចេញមតិយោបល់ច្រើនជាងគេក្នុងការប្រកួតនឹងទទួលបាន រង្វាន់ផងដែរ។
ដើម្បីចួលរួមក្នុងយុទ្ធនានេះ អ្នកចូលរួមគ្រប់រូបអាចចុះឈ្មោះក្នុងអ័នឡាញ https://goo.gl/nhCgT9 ឬតាមទូរស័ព្ទលេខ ០៩៥ ២២២ ៩២១ / ០៧០ ៥៦៦ ៦៥៤។ សូមបញ្ជាក់ផងដែរថាក្នុងយុទ្ធនាការនេះអ្នកចូលរួមនឹងទទួលបានជា រង្វាន់ក្នុងការបង្ហោះ ចែករម្លែក និងការបញ្ចេញមតិ៕