រដ្ឋាភិបាលព្រមានចាត់វិធានការមន្ត្រីពុករលួយ ដែលបង្កឲ្យមានសំណង់ខុសច្បាប់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ វិច្ចិការ ២០១៥) ៖ យោងតាមបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា បានសរសេរថា សម្តេច នឹងបន្តចាត់វិធានការទៅលើ មន្ត្រីខិលខូចមួយចំនួន ដែលសម្តេច ថា បានឃុបឃិតគ្នា បើកផ្លូវឲ្យមានការសាងសង់អាគារ រំលោភលើចំណីផ្លូវ និងសំណង់ខុសច្បាប់។
ខ្លឹមសារលើបណ្តាញសង្គមរបស់លោកនាយករដ្ឋមន្ត្រីឲ្យដឹងថា តាមការពិនិត្យជាក់ស្តែង លើសំណង់ដែលកំពុងសាងសង់ លោកថា សំណង់នោះបានរំលោភលើដីចិញ្ចើមផ្លូវរបស់រដ្ឋ និង ប៉ះពាល់ ទៅដល់ទីតាំងវិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យទៀតផង។
លោកនាយករដ្ឋមន្ត្រីព្រមានតាមរយៈបណ្ដាញសង្គមដដែលថា មិនថាតែក្រុមហ៊ុន Naga World & Casino មួយទេ គឺចំពោះក្រុមហ៊ុនទាំងអស់ ដែលបានទទួលច្បាប់ វិនិយោគនៅក្នុងប្រទេសកម្ពុជា ទាំងនៅក្នុងទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តនានា គឺត្រូវតែគោរពតាមច្បាប់ និងគោលការណ៍ដែលរដ្ឋាភិបាលបានផ្តល់ជូន។
លោកបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា សំណង់ដែលមានលក្ខណៈរំលោភកេងស៊ីចំណីផ្លូវសាធារណៈ និងសួនច្បារសាធារណៈ ត្រូវរុះរើរំលាយចេញជាបន្ទាន់ ហើយលោកក៏ជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ច និងក្រសួងពាក់ព័ន្ធ ត្រូវតែទទួលខុសត្រូវ។ លោកថា រដ្ឋាភិបាល នឹងមិនបណ្តោយឲ្យមន្រ្តីខិលខូចទាំងនោះ បំផ្លាញសង្គមជាតិ ឲ្យអាប់ឱនតទៅទៀតជាដាច់ខាត៕