ឥណ្ឌូនេសីុបាញ់ពន្លិចទូកនេសាទវៀតណាម៦គ្រឿង
សារព័ត៌មាន Cambodia News/
ឥណ្ឌូនេសីុ (០៥ វិច្ចិការ ២០១៥) ៖ កងកម្លាំងជើងទឹកប្រទេសឥណ្ឌូណេស៊ី បានបាញ់ពន្លិចទូកវៀតណាម៦គ្រឿង ដែលចូលនេសាទខុសច្បាប់ក្នុងតំបន់ Batam ខេត្ត Riau ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍កន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់ Jakarta Post។
ទូកនេសាទមកពីវៀតណាមទាំង៦គ្រឿងបានចូលក្នុងដែនទឹកឥណ្ឌូណេស៊ី ដើម្បីរកផលនេសាទ។ Jakarta Post បានស្រង់សម្ដីអ្នកនាំពាក្យពីកងនាវាជើងទឹកឥណ្ឌូណេស៊ីថា៖ “ទូកទាំងនោះបានចូលមកដែនទឹក និងបាននេសាទនៅតំបន់ដែនទឹករបស់យើង ហើយនោះជាអំពើខុសច្បាប់”។
នៅក្នុងឆ្នាំដំបូងនៃការឡើងកាន់តំណែងរបស់លោកប្រធានាធិបតី Joko Widodo ឥណ្ឌូណេស៊ីបានពន្លិចទូកបរទេសចំនួន១០៦គ្រឿង ដែលបានចូលមកនេសាទខុសច្បាប់ក្នុងដែនទឹករបស់ខ្លួន។ ទូកនេសាទខុសច្បាប់ទាំងនោះភាគច្រើនមកពីប្រទេសវៀតណាម ប្រទេសហ្វីលីពីន និងប្រទេសថៃ។
ជាក់ស្ដែង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ទូកចំនួន៤១គ្រឿងដែលជាប់ការសង្ស័យលើការនេសាទចូលក្នុងដែនទឹកខុសច្បាប់ រួមទាំងកប៉ាល់នេសាទចិនផងនោះ ក៏ត្រូវបានកងកម្លាំងជើងទឹកឥណ្ឌូណេស៊ីបាញ់ពន្លិចផងដែរ៕