ក្រោយបញ្ចប់ការសាកសួរ ជនដៃដល់ទាំងបីនាក់ ត្រូវចោទប្រកាន់២ករណី (មានវីដេអូ)
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ វិច្ចិការ ២០១៥) ៖ ជនដៃដល់ទាំងបីនាក់ ដែលបានប្រើហឹង្សា វាយតប់ទៅលើ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២៦ ខែតុលាកន្លង ទៅនេះ ត្រូវបានព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការចោទប្រកាន់ចំនួន ២ករណី៖ ទី១: ការបង្កហឹង្សាមានស្ថានទម្ងន់ទោស និង២:ធ្វើអោយខូចខាតទ្រព្យសម្បត្តិដោយចេតនា មានស្ថានទម្ងន់ទោស។
កាលពីថ្ងៃទី០៤ វិច្ចិការ ម្សិលមិញ នៅម៉ោងប្រមាណ៤ និង៤៥នាទីល្ងាច ជនសង្ស័យទាំងបីនាក់ ត្រូវបានលោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ដោយចោទប្រកាន់ ២បទចោទគឺបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មាត្រា២១៨នៃក្រមព្រហ្មទណ្ឌ និងបទធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់មាត្រា៤១១នៃក្រមព្រហ្មទណ្ឌ
សូមបញ្ជាក់ផងដែរថាជនសង្ស័យទាំងបីនាក់នោះរួមមានឈ្មោះ ចាយ សារិទ្ធិ, ម៉ៅ ហឿន និងស៊ុត វណ្ណនី ដែលបានចេញមុខមកសារភាព កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ម្សិលមិញនេះ៕