រដ្ឋសភាបើកកិច្ចប្រជុំ បោះឆ្នោតដកតំណែង លោក កឹម សុខា
សារព័ត៌មាន Cambodia News
ភ្នំពេញ (៣០ តុលា ២០១៥) ៖ នៅម៉ោងប្រមាណ ៨ និង៤០នាទីព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០១៥នេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំបោះឆ្នោត ដកតំណែងលោក កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភា ព្រមទាំង ពិភាក្សា និងអនុម័ត ទៅលើសេចក្តីស្នើច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និង សេចក្តីស្នើវិសោធនកម្មប្រការមួយចំនួន នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។
កិច្ចប្រជុំរបស់រដ្ឋសភា ដើម្បីពិនិត្យ និងដកតំណែងលោក កឹម សុខា នាព្រឹកនេះ ត្រូវបានធ្វើឡើងភ្លាមៗផងដែរ បន្ទាប់ពីមានប្រជាពលរដ្ឋរាប់ពាន់នាក់ បានធ្វើដាក់ញត្តិ និងតវ៉ាទាមទារនៅមុខវិមានរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅនេះ។
សូមបញ្ជាក់ថា កិច្ចប្រជុំ នៃរដ្ឋសភា ដើម្បីបោះឆ្នោតដកតំណែងរបស់លោក កឹម សុខា បានធ្វើឡើង បន្ទាប់ពីគណៈចិន្ត្រៃយ៍ នៃរដ្ឋសភា បានសម្រេចបោះឆ្នោតដកតំណែងរបស់លោក កឹម សុខា តាមសំណើរបស់លោក ប៉ែន បញ្ញា និងលោក ជាម យៀប តំណាងឲ្យតំណាងរាស្រ្ត ៦៣រូប មកពីគណបក្សប្រជាជនកម្ពុជា៕