នាយករដ្ឋមន្ត្រី បញ្ជាឲ្យតាមចាប់ខ្លួនអ្នកបង្ករបួសស្នាមលើតំណាងរាស្ត្រ យកមកកាត់ទោសតាមផ្លូវច្បាប់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ តុលា ២០១៥) ៖ កាលពីថ្ងៃទី២៨តុលា លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារ នយោបាយជាង ១០នាទី តាមរយៈវិដេអូបង្ហោះក្នុងហ្វេសប៊ុកប្រកាសពីការដាក់បញ្ជាឲ្យអាជ្ញាធរសមត្ថកិច្ច តាមចាប់ជនបង្ករបួសស្នាមលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២រូប យកមកកាត់ទោសតាមផ្លូវច្បាប់ ទោះជាអ្នកប្រព្រឹត្តិល្មើសនោះ គាំទ្រគណបក្សប្រជាជនកម្ពុជាក៏ដោយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បញ្ជានេះបានធ្វើឡើងបន្ទាប់ពីវិលត្រលប់មកពីប្រទេសបារាំងវិញ ដោយលោកហ៊ុន សែន បានលើកឡើងថា ទោះបីជាការបង្ករបួសស្នាមនោះ កើតចេញពីហេតុផលអ្វីក៏ដោយ ក៏យើងមិនអាចអត់អោនឲ្យបានទេ។
លោក ហ៊ុន សែន ក៏បានប្រកាសអំពាវនាវឲ្យអ្នកពាក់ព័ន្ធ រួមមាន អ្នកបើកបរឡានរបស់តំណាងរាស្ត្រ តំណាងរាស្ត្ររងគ្រោះទាំងពីររូប អ្នកថតបង្ហោះតាមហ្វេសប៊ុក ត្រូវសហការជាមួយអាជ្ញាធរសមត្ថកិច្ច ដើម្បីតាមរកមុខជនដៃដល់ វាយតំណាងរាស្ត្រទាំងពីររូបឲ្យឃើញ ដើម្បីចាប់យកមកផ្តន្ទាទោស។ ការផ្តន្ទាទោស ការកាត់ទោសជនប្រព្រឹត្តិល្មើស ដែលបង្កហិង្សាវាយតំណាងរាស្ត្រនោះ ត្រូវធ្វើ ដោយគ្មានការលើកលែងទេ៕