ក្រុមហ៊ុនឡានក្រុង និងឡានឈ្នួល នៅតែបន្តឡើងថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៧ តុលា ២០១៥) ៖ ឡានក្រុង ដឹកអ្នកដំណើរ បានប្រកាសឡើងថ្លៃ ២ ដុល្លារថែមទៀត ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ គឺអំឡុងពេលបុណ្យភ្ជុំបិណ្ឌ។ ការសម្រេចឡើងថ្លៃរបស់ក្រុមហ៊ុនឡានក្រុងដូច្នេះ គឺមិនបានស្តាប់ប្រសាសន៍អំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន នោះទេ។
កាលពីថ្ងៃទី២២កញ្ញា សម្តេចតេជោ ហ៊ុនសែន បានអំពាវនាវទៅកាន់ក្រុមហ៊ុនឡានក្រុង និងឡានឈ្នួល កុំឲ្យឡើងថ្លៃ ពេលបុណ្យភ្ជុំបិណ្ឌ ក៏ប៉ុន្តែមកដល់ពេលនេះ ឡានក្រុងដឹកអ្នកដំណើរ បានប្រកាសឡើងថ្លៃ ពេលបុណ្យភ្ជុំបិណ្ឌ។
ចំពោះបញ្ហានេះ ក្រុមហ៊ុនឡានក្រុងដឹកអ្នកដំណើរ និងរថយន្តឈ្នួល បានផ្តល់ហេតុផលថា មកពីចំណាយច្រើននៅពេលបុណ្យ ដែលជាថ្ងៃឈប់សម្រាក គឺត្រូវថែមលុយដល់បុគ្គលិក អ្នកបើកបរ ។
ដើម្បីទប់ស្កាត់ការឡើងថ្លៃឡានឈ្នួល នៅពេលបុណ្យទាន គឺអាស្រ័យលើអាជ្ញាធរសមត្ថកិច្ច។ បើសិនជា អាជ្ញាធរសមត្ថកិច្ច គ្រាន់តែអំពាវនាវ ហើយគ្រាន់តែកោះប្រជុំជាមួយក្រុមហ៊ុន និងអ្នករត់ឡានឈ្នួល ដោយអំពាវនាវ ត្រឹមតែកុំឲ្យឡើងថ្លៃនោះ គឺមិនមានប្រសិទ្ធិភាពទេ៕