រដ្ឋាភិបាល​តម្រូវ​ឲ្យ​មណ្ឌល​ថែទាំ​កុមារ​ត្រូវ​សុំ​ច្បាប់​ និង​បំពេញ​តាម​ស្តង់ដារ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (៦ តុលា ២០១៥) ៖ រដ្ឋាភិបាល​តម្រូវ​ឲ្យ​មណ្ឌល​ថែទាំ​កុមារ​ត្រូវ​តែ​សុំ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន និង​យុវនីតិសម្បទា​ជាមួយ​នឹង​ការ​ព្រមាន​ចាត់​វិធានការ​តាម​ច្បាប់​ក្នុង​ករណី​លួចលាក់​ខណៈ​ដែល​គេ​​រកឃើញ​ថា​មាន​មណ្ឌល​រាប់រយ​ត្រូវ​បាន​បង្កើត​ឡើង​គ្រាន់តែ​ជា​មុខរបរ​ដើម្បី​រក​លុយ​ពី​ម្ចាស់​ជំនួយ​។

បញ្ញតិ្ត​មួយ​ដែល​ចែង​នៅក្នុង​អនុក្រឹត្យ​ដែល​ចេញ​​កាលពី​ខែ​កញ្ញា​បាន​កំណត់​ឲ្យ​មណ្ឌល​គ្មាន​ច្បាប់​ត្រូវ​ចុះ​ឈ្មោះ​ក្នុង​រយៈពេល ៦ ខែ​។

​អនុក្រឹត្យ​ «ស្តីពី​ការ​គ្រប់គ្រង​មណ្ឌល​ថែទាំ​កុមារ» ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​ ១១ ខែ​​កញ្ញា​មាន ៩ ជំពូក និង ២០ មាត្រា​គឺ​ចែង​ពី​សមត្ថកិច្ច​គ្រប់គ្រង​ការ​អនុញ្ញាត​ឲ្យ​ដំណើរការ​មណ្ឌល​កាតព្វកិច្ច​មណ្ឌល​ប្រភេទ​កុមារ​ដែល​​មាន​សិទ្ធិ​ស្នាក់​នៅ​មណ្ឌល​ ឬ​បញ្ឈប់​ការ​ស្នាក់​នៅ​ការ​ដោះស្រាយ​វិវាទ​ និង​ទណ្ឌកម្ម​ជាដើម​។

អនុក្រឹត្យ​នេះ​បង្ហាញ​ថា​កុមារ​ដែល​អនុញ្ញាត​ឲ្យ​រស់នៅ​ក្នុង​មណ្ឌល​ថែទាំ​កុមារ​បាន​ជា​កុមារ​ដែល​​គ្មាន​ឪពុក​ម្តាយ​ ឬ​អាណាព្យាបាល​ដែល​អាច​រស់នៅ​ជាមួយ​បាន​ ជា​កុមារ​បែក​ពី​គ្រួសារ​ដោយសារ​ការ​បោះបង់​ កុមារ​មាន​ឪពុកម្តាយ​ជាប់​ពន្ធនាគារ ការ​ជួញដូរ ឬ​ចំណាក​ស្រុក​​កុមារ​បែក​ពី​គ្រួសារ​ដោយ​ស្ថានភាព​គំរាម​កំហែង​រង​អំពើ​ហិង្សា រង​ការ​រំលោភ​ផ្លូវកាយ ឬ​ផ្លូវភេទ​ ការ​កេង​ប្រវ័ញ្ច​គ្រប់​រូបភាព។

អនុក្រឹត្យ​នេះ​ក៏​តម្រូវ​ឲ្យ​មណ្ឌល​ថែទាំ​កុមារ​មាន​សិទ្ធិ​បញ្ឈប់​កុមារ​ឲ្យ​រស់​នៅក្នុង​មណ្ឌល​ដោយ​ការ ​«ធ្វើ​សមាហរណកម្ម​ទៅក្នុង​សហគមន៍​វិញ» ក្នុង​ករណី​មាន​ម្តាយ​ ឪពុក​ចិញ្ចឹម ពួកគេ​មាន​លទ្ធភាព​រក​ការងារ​បាន​ធ្វើ​ជាដើម។

កន្លង​មក​មាន​ករណី​រំលោភ​បំពាន​តាម​មណ្ឌល​កុមារ​ដែល​អនុក្រឹត្យ​បាន​តម្រូវ​ឲ្យ​ក្រសួង​សង្គមកិច្ច «ធ្វើ​អធិការកិច្ច​ជា​បន្ទាន់​ក្នុង​រយៈពេល​មិន​លើស​ពី​ ៤៨ ម៉ោង» ដើម្បី​ដោះស្រាយ​បាតុភាព​ទាំង​នោះ។ «មណ្ឌល​ថែទាំ​កុមារ​ដែល​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សង្គមកិច្ច​ត្រូវ​ចាត់​ទុក​ជា​មណ្ឌល​លួចលាក់​ និង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ជា​ធរមាន​»​ ហើយ​​ក្នុង​ករណី​មិន​គោរព​តាម​បញ្ញត្តិ​ចែង​ក្នុង​អនុក្រឹត្យ​នឹង​ត្រូវ «ព្រមាន​​ជា​លាយ​លក្ខណ៍​អក្សរ ផ្អាក​សកម្មភាព​បណ្តោះ​អាសន្ន ដក​ហូត​​លិខិត​អនុញ្ញាត​ជា​​ស្ថាពរ»៕

Capture

 

Related Articles

Back to top button
Close
Close