គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៤ តុលា ស្លាប់៦នាក់ រងរបួសធ្ងន់និងស្រាល១៨នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (05 តុលា 2015) ៖ យោងតាមរបាយការពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥
មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន ១១លើក ក្នុងនោះយប់ ៦លើក, បណ្ដាលអោយមនុស្សស្លាប់ ៦នាក់ (ស្រី៣នាក់) អ្នករងរបួសធ្ងន់ ១២នាក់ (ស្រី២នាក់) និងរបួសស្រាល ៦នាក់ (ស្រីម្នាក់)។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ២១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៥គ្រឿង, រថយន្តធុនតូច ២គ្រឿង,រថយន្តធុនធំ ៤គ្រឿង និងថ្មើរជើង ២នាក់។
ប្រភពព័ត៌មានដដែលប្រាប់បន្តថា មូលហេតុដែលបណ្ដាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក,ប្រជែងគ្រោះថ្នាក់ ២លើក,បត់គ្រោះថ្នាក់ ១លើក,មិនគោរពសិទ្ធ ១លើក និងស្រវឹង ៣លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់មាន ២២នាក់ (យប់១៣នាក់)។
យោងតាមប្រភពព័ត៌មានពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ រថយន្តទាំងអស់ដែលត្រូវផាកពិន័យសរុបចំនួន ៤២៥គ្រឿង (រថយន្តធំ ១២១គ្រឿង) ស្មើនិង ៤២៥ករណី,ល្មើសក្រដាសស្នាម ២២៤គ្រឿង ស្មើនឹង ២២៤ករណី, ចំណែកករណីល្មើសបច្ចេកទេស ២០១គ្រឿង ស្មើនឹង ២០១ករណី ។ ដោយឡែកសម្រាប់ម៉ូតូនាថ្ងៃដដែលត្រូវបានផាកពិន័យសរុបចំនួន ១,០៨៧ គ្រឿង។
គួរបញ្ជាក់បន្ថែមឲ្យដឹងថា រយៈពេល២ថ្ងៃ គឺថ្ងៃសៅរ៍ និងអាទិត្យ ទី៣ និងទី៤ ខែតុលា អ្នកស្លាប់ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍សរុប ១១នាក់ និងរងរបួស ៣៨នាក់៕